មន្រ្តីជំនាញចុះពិនិត្យលើបច្ចកទេសនិងវឌ្ឍនភាពការងារគំរោង ពង្រីកផ្លូវលេខ៣៣

0

   ដោយៈ គង់ សូរិយា

       កំពតៈ ក្រុមម​ន្រ្តីជំនាញបានចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដើម្បីធានាគុណភាពសាងសង់ ឱ្យស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស។

ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រោមកាតដឹកនាំដោយក្រុមមន្ត្រីជំនាញ នៃអង្គភាពអនុវត្តគម្រោង (PIU) របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំដោយ លោកសង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេ​កទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ ធ្វើឡើងក្នុងគោ​លបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណ​ភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង បានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើ យត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន ៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here