Aii&AIS គ្រោងពង្រីក១៦០សាខាទូទាំងប្រទេស និងត្រៀមខ្លួនចូលផ្សារ ហ៊ុននាពេលខាងមុខ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បាននិងកំពុងរៀបចំផែនការពង្រីកសាខារបស់ខ្លួន ឱ្យបាន១៦០នៅទូទាំងប្រទេស និងត្រៀមចូលរួមបោះផ្សាយមូលបត្រកម្មសិទ្ឋ នៅក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ឱ្យដឹងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ឋ”នាព្រឹកថ្ងៃទី១៤ មករានេះថា បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សានុសិស្សចំនួនជាង២០,០០០នាក់ និងមានបុគ្គ​លិកសរុបចំនួន២២០០នាក់ ជាមួយនឹងផែនការពង្រីកសាខាចំនួន១៦០និងចំនួនសិស្សានុសិស្ស កើនឡើងដល់៥០ម៉ឺន ទៅ៧៥ម៉ឺននាក់នាពេល​អនាគត។

អ្នកឧកញ៉ាបានបន្តថា “យើងកំពុងបណ្តុះបណ្តាលធនធានមនុស្សរប​ស់ប្រទេសយើង ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងស្ថេរភាពនយោបា​យដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង”។ អ្នកឧកញ៉ាបានបន្តថា “ជាមួយគ្នានេះ យើងមានមណ្ឌលសុខភាពដែលអាចជួយព្យាបាលមនុស្សកន្លះលាននាក់ ក្នុងមួយឆ្នាំផងដែរ”។

ទាក់ទងការបោះផ្សាយលក់មូលបត្រ អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ថា យើងមានគោលដៅក្នុងការពង្រីកទុន ដើម្បីបង្កើនសេវាកម្ម​អប់រំឱ្យបានទូទាំងប្រទេស ដោយទាំងកូនអ្នកមាន អ្នកក្រ អាចទទួលបានសេវាអប់រំពីសាលារបស់យើង ទី២ចូលរួមអភិវឌ្ឈន៍ និងគាំទ្រផ្សារមូលបត្រ ដែលជាសេនាធិការរបស់រដ្ឋាភិបាលឱ្យមានភាពរីកចម្រើន ទី៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនផ្សារមូលបត្រកម្ពុជា ដើម្បីបង្ហាញអ្នកវិនិយោគទូទាំងពិភពលោកថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជារៀងរាល់ឆ្នាំ និងមានកំនើនខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងៗ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលផ្សារមូលបត្ររបស់យើង បានចាប់ផ្តើមក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មានភាពរីកចម្រើនច្រើន ដែលបច្ចុប្បន្នទំហំជួញដូរ និងចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ និងប័ណ្ណបំណុលបានកើនឡើងកាន់តែ​ច្រើន។

លោកបន្តថា “ការដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនចូលបោះផ្សាយលក់មូលបត្រ នឹងអាចមានប្រជាប្រិយភាព ដូចគ្នានឹង​ការបោះផ្សាយលក់មូលបត្រ របស់រដ្ឋាករទឹកស្វ័យ័តជាលើកដំបូង ដែលអ្នកណាក៏ចង់ក្លាយជាម្ចាស់រដ្ឋាករទឹកផងដែរ ដែលចំនួនអ្នកវិនិយោគមានច្រើនជាងទំហំភាគហ៊ុន ដែលយើងបានដាក់ជួញដូរ”។ លោកបន្តថា “ហេតុនេះបើសិនជាមានអ្នកចង់បញ្ជាទិញ សូមទិញនៅដំណាក់កាលដំបូង”។

លោកបានបន្តថា យើងស្វាគមន៍ ប្រសិនជាអ្នកឧកញ៉ា គួច ម៉េងលី បោះផ្សាយលក់មូលបត្ររួចហើយ អាចបោះផ្សាយលក់ប័ណ្ណបំណុ​លឬសញ្ញាប័ណ្ណបន្ថែមទៀត ព្រោះស្ទើរតែគ្រប់ក្រុមហ៊ុន ដែលអាចបោះផ្សាយលក់មូលបត្រហើយ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបោះផ្សាយលក់សញ្ញាប័ណ្ណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here