ដោយៈ សុខុម
ប្រទេសចិន: Bosch ដែលជាក្រុមហ៊ុនវិស្វកម្ម និងបច្ចេកវិទ្យាខ្នាតយក្សរបស់អាល្លឺម៉ង់ គ្រោងនឹងបោះទុនវិនិយោគ រហូតដល់១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ ផលិតគ្រឿងបន្លាស់អគ្គិសនី នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ក្រុមហ៊ុន Bosch បានចេញសេចក្តីថ្លែងការ ណ៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅថា ខ្លួនមានគម្រោងសាងសង់រោងចក្រមួយ សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរ ដោយស្វ័យប្រវត្តិនៅក្នុងទីក្រុងស៊ូចូវ (Suzhou) នៅភាគខាងកើតនៃប្រទេសចិន។
ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគប្រមាណ១ពាន់លានដុល្លារ ក្នុងគម្រោងនេះ សម្រាប់រយៈពេលប៉ុន្មាន៥បន្ទាប់។ តាមការរំពឹងទុក ដំណាក់កាលទី១ នៃការសាងសង់រោងចក្រថ្មីនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤។
សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា “ប្រទេសចិន គឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ដែលពោរពេញទៅដោយក្ដីសង្ឃឹមជោគជ័យ និងភាពស្វាហាប់យ៉ាងរឹងមាំ”។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្នុងនាមជាសហគ្រាសចម្រុះជាតិសាសន៍ យើងត្រូវទាញយកប្រយោជន៍ពីសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងសមត្ថភាពផលិតក្នុងស្រុករបស់ប្រទេសនេះឱ្យអស់ពីលទ្ធភាព”។
ក្រុមហ៊ុន Bosch មានវត្តមាននៅក្នុងប្រទេសចិន តាំងពីឆ្នាំ១៩០៩ មកម៉្លេះ ហើយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារ នៅក្នុងប្រទេសនេះប្រមាណ៥៥.០០០នាក់។
ការប្រកាសគម្រោងបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើង២ខែ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកOlaf Scholz បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាមួយនាយកប្រតិបត្តិកំពូលៗមួយក្រុម។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់មេដឹកនាំមួយរូបនៃក្រុមប្រទេស G7 ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ៕ CNN៕







