តើទីក្រុងឆ្នេរសមុទ្រព្រះសីហនុនឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពហុបំណងមែនឬ?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខណៈរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ក្រុងព្រះសីហនុ ត្រូវបានបោសសម្អាតគ្រប់ផ្នែកឧក្រិដ្ឋកម្ម តើទីក្រុងឆ្នេរសមុទ្រ និងខេត្តនេះអាចប្រែក្លាយ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរស់រវើក ដូចការគ្រោងទុកក្នុងផែនការមេដែរឬទេ?។

ជើងហោះហើរ ដែលបានគ្រោងទុកទៅកាន់ក្រុងព្រះសីហនុ ពីបណ្តាទីក្រុងរបស់ប្រទេសចិនបានផ្អាក នៅត្រីមាសទី១ ឆ្នាំ២០២០។

ការចាប់ផ្តើមឡើងវិញនៃសេវាកម្មផ្លូវអាកាស រវាងទីក្រុងគុនមីង និងទីក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែមករា គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាជើងហោះហើរកាន់តែច្រើនមកពីប្រទេសចិន អាចនឹងធ្វើដំណើរមកនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ដោយយកគំរូតាមទីក្រុង Shenzhen របស់ប្រទេសចិន ទីក្រុងឆ្នេរសមុទ្រព្រះសីហនុ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយបានកំណត់ប្រែក្លាយខ្លួន ជាទិសដៅឈានមុខគេសម្រាប់មិនត្រឹមតែ ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់វិនិយោគិនផងដែរ។

ប្រតិបត្តិករកាស៊ីណូមួយចំនួនមកពីប្រទេសចិន គឺជាវិនិយោគិនបរទេ​សដំបូងគេ ដែលទាញយកអត្ថប្រយោជន៍ពីឱកាស វិនិយោគរបស់ទីក្រុងព្រះសីហនុនេះ។

អាជ្ញាប័ណ្ណមានភាពងាយស្រួល ក្នុងការទទួលបាន ដើម្បីចាប់ផ្តើមកាស៊ីណូ ដោយគេអាចមើលឃើញការកើនឡើងយ៉ាងឆាប់រហ័ស នៃការសាងសង់អគារ ហើយភ្ញៀវទេសចរណ៍ ក៏បានសម្រុកមកកាន់ទីក្រុងនេះ ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ការហាមប្រាមលើល្បែងអនឡាញ ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានផ្លាស់ប្តូរសេណារីយ៉ូយ៉ាងខ្លាំង។

គេប៉ាន់ប្រមាណថា ជនជាតិចិនប្រហែល២០០.០០០នាក់ បានចាកចេញពីទីក្រុងនេះ បន្ទាប់ពីមានការហាមឃាត់ ហើយអគារជាង១.០០០អគារ ដែលកំពុងសាងសង់ត្រូវបានទុកចោល។

ទោះបីជាមានការហាមប្រាមយ៉ាងនេះក្តី ប៉ុន្តែល្បែងស៊ីសងតាមប្រព័ន្ធអុីនធឺណែតដែលគ្មានការអនុញ្ញាត នៅតែបន្តកើតមាន ហើយក្រុមឧក្រិដ្ឋជនក៏មានការកើនឡើងផងដែរ។

ក្រុមក្មេងទំនើងមួយចំនួន ក៏បានប្រើការបោកប្រាស់តាមអ៉ីនធឺណិត ដោយប្រើប្រាស់បុគ្គលិក ដែលនាំមកពីប្រទេសថៃ និងវៀតណាម។

លើសពីនេះ ការបើកសម្ពោធផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ តភ្ជាប់ពីភ្នំពេញ និងខេត្តព្រះសីហនុ ក៏បង្កើនល្បឿននៃចលនាទំនិញ និងមនុស្សផងដែរ។

លោកTom O’Sullivan នាយកប្រតិបត្តិនៃrealestate.com.kh បានមានប្រសាសន៍ថា លំហូរវិនិយោគ​ផ្នែកអចលនទ្រព្យ​ក៏​កំពុង​វិលត្រលប់​មក​កាន់ទីក្រុង​នេះវិញ​ផងដែរ ហើយខេត្តព្រះសីហនុ នឹងក្លាយជាទីផ្សារដ៏គួរឱ្យរំភើបបំផុតមួយនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Tom O’Sullivan បញ្ជាក់ថា ខេត្តព្រះសីហនុ នឹងមានការកើនឡើងនៃសកម្មភាព សម្រាប់វិស័យអចលនទ្រព្យនៅឆ្នាំ២០២៣ ដែលជំរុញដោយការកើនឡើងនៃសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ជាពិសេ​សកំណើន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)។

ដំណឹងដ៏គួរឲ្យរីករាយមួយ ក៏បានប្រកាសកាលពីសប្តាហ៍មុនដោយ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងជំនួបជាមួយអ្នកសារព៌តមានចំនួនជាង៥០០០នាក់ នៅទីក្រុងកោះពេជ្រកាលពី​ចុងសប្តាហ៍មុនថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេចិននាថ្ងៃទី៩ និង១០ កុម្ភៈខាងមុខ នឹងមានការលើកឡើងនូវផែនការអភិវឌ្ឈន៍នៅ​កម្ពុជាមួយចំនួនផងដែរ ក្នុងនោះគំរោងសាងសង់ខ្សែរថភ្លើង ល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងត្រូវលើកឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here