ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ម៉ាល់ឌីវប្រសើរឡើង

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ កម្ពុជា​រំពឹងថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម ពិសេស​វិស័យ​ទេសចរណ៍​ជាមួយ​ម៉ា​ល់​ឌី​វ នឹង​កាន់តែ​ល្អ ខណៈ​ក្រុម​អ្នកជំនួញ​កម្ពុជា​នឹង​រៀបចំ​ជំនួប​ជាមួយ​វិនិយោគិន​ម៉ា​ល់​ឌី​វ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​។​

សម្តេចតេជោហ៊ុន សែន នឹងបាននិងកំពុងធ្វើទស្សនកិច្ចនៅប្រទេស​ម៉ាល់ឌីវ ចាប់ពីថ្ងៃ​ទី​ ១៥ ​​ដល់​ ១៧ ខែមករា ឆ្នាំ​ ២០២៣។ ​

សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) កាលពី​ថ្ងៃទី​ ១៥ ខែមករា ឱ្យដឹងថា ក្នុង​បេសកកម្ម​អមដំណើរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា សភាពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយលោក គិត​ ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក្រោម​កិច្ចសហការ​ជា​មួយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ នឹង​រៀប​ចំ​វេទិកា​ធុរកិច្ច កម្ពុជា​-​ម៉ា​ល់​ឌី​វ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែមករា នៅក្រោម​អធិបតីភាព លោក Fayyaz Ismail រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សា​ធារ​ណ​រដ្ឋ​ម៉ា​ល់​ឌី​វ​។​

សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា វេទិកា​ធុរកិច្ច​នេះ នឹង​ផ្តោតទៅលើ​ការជំរុញ​ទំនាក់​​ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​២ និង​មានការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​កាលានុវត្តភាព បរិយាកាស​វិនិយោគ និង​វិស័យ​សក្តានុពល​ផងដែរ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ​នៃ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ម៉ា​ល់​ឌី​វ ធុរជន​ម៉ា​ល់​ឌី​វ និង​កម្ពុជា​។

តាមរយៈ​ជំនួប​នេះ សភាពាណិជ្ជកម្ម​កម្ពុជា នឹង​ចុះ​អនុស្សរណៈ​យោគ​យល់​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រទេស​ម៉ា​ល់​ឌី​វ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ CCC បាន​បញ្ជាក់ថា “​អនុស្សរណៈ​នេះ គឺមាន​គោល​បំណង​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម ធុរកិច្ច និង​សេដ្ឋកិច្ច រវាង​កម្ពុជា និង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ”។​

អគ្គនាយក CCC លោក ងួន​ ម៉េង​តិច បាន​មានប្រសាសន៍ឲ្យដឹង ​ថា វេទិកា​ធុរកិច្ច កម្ពុជា​-​ម៉ា​ល់​ឌី​វ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ចំណែក​យ៉ាងច្រើន ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ រវាង​ប្រទេស​ទាំង ២ ពិសេស​វិស័យ​ទេសចរណ៍​។

លោកបន្តថា “ជា​រៀងរាល់ឆ្នាំ​ប្រទេស​ដែន​កោះមួយ​នេះ ​តែងតែ​ទាក់ទាញ​អ្នក​​ទេសចរ​អន្តរជាតិ​បានជា​ច្រើន ដូច្នេះ​កម្ពុជា​ដែលជា​ប្រទេស​មាន​សក្តានុពល​ទេសចរណ៍ ក៏​អាច​បង្កើន​ការផ្សព្វផ្សាយ ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាមួយនឹង​ប្រទេស​ម៉ា​ល់​ឌី​វផងដែរ​”។​លោក​បញ្ជាក់ថា​ “​តាមរយៈ​ទំនាក់ទំនង​នេះ យើង​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ពី​ម៉ា​ល់​ឌី​វ ឱ្យធ្វើ​ដំណើរ​បន្តម​កទ​ស្សនា​តំបន់​ប្រាសាទ និង​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here