កម្ពុជានិងម៉ាល់ឌីវ ព្រមព្រៀងលើកលែងទិដ្ឋាការ ៣០ថ្ងៃ ប្រជាជនប្រទេសទាំងពីរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ។

នេះបើតាមការប្រកាសរបស់ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា “ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល៣០ថ្ងៃ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដែរថា ទិដ្ឋភាពនៅប្រទេសម៉ាល់ឌីវ ពិតជាមានភាពអស្ចារ្យនៅក្នុងមហាសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច និងប្រធានាធិបតីម៉ាល់ឌីវ បានពិភាក្សាគ្នាដោយផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍ ដោយមិនគ្រាន់តែប្រជាជនកម្ពុជា ធ្វើដំណើរមកកាន់ប្រទេសម៉ាល់ឌីវ និងប្រជាជនម៉ាល់ឌីវ មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ផ្តោតការយកចិត្តទុកដាក់ទៅអ្នកដែលបានទស្សនកិច្ចនៅកម្ពុជា ហើយបន្តមកកាន់ប្រទេសម៉ាល់ឌីវទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា “ក៏ប៉ុន្តែផ្ដោតការយកចិត្តទុកដាក់ ទៅលើអ្នកដែលទស្សនកិច្ចនៅកម្ពុជា ទៅលើប្រាង្គប្រាសាទនានា ក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាល់ឌីវ គឺដើម្បីងូតទឹក និងលំហែរកាយនៅមាត់សមុទ្រ ឬក៏អ្នកដែលមកដល់ម៉ាល់ឌីវ គឺងូតទឹក និងលំហែរកាយនៅទីនេះ ហើយក៏ចង់ទៅមើលប្រាង្គប្រាសាទ គេអាចធ្វើដំណើរទៅទីនោះ ដូច្នេះយើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយដែលអាចប្រើប្រាស់វីសាៗ វីសាមួយគោលដៅពីរ ពីរប្រទេសដែលអាចប្រើបាន ដែលយើងនឹងសិក្សាអំពីបញ្ហានេះជាបន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here