ដោយៈ គង់ សូរិយា
ភ្នំពេញៈប្រធានក្រុមហ៊ុនសុខាអូតែល អ្នកឧកញ៉ាសុខ គង់បានចំណាយទុនជិត៥លានដុល្លារ ដើម្បីដាំបន្លែធម្មជាតិ សម្រាប់ផ្គត់ផ្គង់សណ្ឋាគារទាំង៧របស់លោក និងលក់ចែកចាយនៅទីក្រុងភ្នំពេញ។
អ្នកស្រីសៀ ចាន់រ៉ាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សាលើលទ្ឋភាពពង្រីកទុនវិនិយោគបន្ថែមទៀត ដោយសារមានតម្រូវការកើនឡើងពីប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា សួនបន្លែធម្មជាតិបូកគោ បានចាប់ផ្តើមដាំនៅឆ្នាំ២០១២ និងនៅឆ្នាំ២០១៧បានក្លាយជាHydroponic Farm ដែលមានដាំបន្លែលើដី និងលើទឹក។
-->

អ្នកស្រីបន្តថា “កសិដ្ឋានដ៏ធំនេះ ជាកសិដ្ឋានបន្លែធម្មជាតិធំជាងគេក្នុងប្រទេស ដោយទំហំនៃការផលិត មានបរិមាណ១៥០០គីឡូក្រាមក្នុងមួយថ្ងៃ”។ អ្នកស្រីបន្តថា “បច្ចុប្បន្នបន្លែចំនួន៣៦ប្រភេទ ត្រូវបានដាំនៅលើកំពូលភ្នំបូកគោ ដែលមានកំពស់១០៧៥ម៉ែត្រ”។
អ្នកស្រីសៀ ចាន់រ៉ាបានបន្តថា បន្លែទាំងនេះមានលក់នៅបូកគោម៉ាត ស្ថិតនៅលើវិថីក្រមួនស (ផ្លូវភ្លោះខាងជើងផ្សារធំថ្មី) ផ្សារទំនើបធំៗ និងមានលក់នៅខេត្តកំពត និងខេត្តព្រះសីហនុផងដែរ។

អាកាសធាតុត្រជាក់ពេញមួយឆ្នាំ នៅលើកំពូលភ្នំបូកគោ គឺជាហេតុផលដែលធ្វើឲ្យបន្លែលូតលាស់ល្អ ដោយធ្វើឲ្យបន្លែមានគុណភាព និងមានរសជាតិឆ្ងាញ់។ បន្លែទាំងនេះ មិនត្រូបានដាក់ជីគីមីឡើយ ព្រោះយើងប្រើប្រាស់សម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ និងជាការគិតគូរដល់សុខភាពអ្នកបរិភោគ។ អ្នកស្រីចាន់ រ៉ាបញ្ជាក់ឲ្យដឹង។
លើសនពីក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនសុខាអូតែល ក៏បាននិងកំពុងផលិតទឹកពិសារ “ឋានសួគ៌បូកគោ” ដែលជាទឹកពិសារមានគុណភាពខ្ពស់ មានផ្ទុកសារធាតុPH8 ដែលជំនួយដល់សុខភាព អ្នកពិសារផងដែរ។

ដោយទទួលបានការគាំទ្រពីអតិថិជន ក្រុមហ៊ុនបូកគោហ្វាម ក៏បាននិងកំពុងសិក្សាដើម្បីពង្រីកទុនវិនិយោគ ដើម្បីពង្រីកសង្វាក់ផលិតកម្មឲ្យបានកាន់តែច្រើន ដែលអាចចែកចាយលើទីផ្សារបានទូលំទូលាយផងដែរ៕
