វិស័យលក់រាយរំពឹងថាមានកំណើនខ្ពស់នៅពេលការអភិវឌ្ឍលំនៅ ឋានកាន់តែរីកដាល

0

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍលំនៅឋាននៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតំបន់ជាយរាជធានីភ្នំពេញ។

ការអភិវឌ្ឍលំនៅឋានកាន់តែរីករាលដាល និងការរីកចម្រើននៃវិស័យសំណង់ទាំងនេះ នឹងធ្វើឱ្យការលក់រាយនៅតំបន់នោះ ក៏នឹងមានកំណើនដើម្បី បំពេញតម្រូវការទាំងនោះផងដែរ។

លោកឡុង បុរិន្ទ នាយកប្រតិបត្តិនៃបុរីទីលាងបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី១៦ មករា ២០២៣នេះឱ្យដឹងថា កាលពីមុនៗ ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលទិញផ្ទះសម្រាប់ស្នាក់នៅ គឺមានផ្នត់គំនិតមួយត្រឹមតែរស់នៅ ឬស្នាក់នៅសមរម្យប៉ុណ្ណោះ ។

ប៉ុន្តែចាប់ពីឆ្នាំ២០២៣នេះតទៅ អ្នកដែលទិញផ្ទះរស់នៅ គឺមានការផ្លាស់ប្តូរពីមុន ដោយពួកគាត់នឹងសម្លឹងមើលពីរចនាបថ និងការឌីហ្សាញរបស់ម្ចាស់បុរី ក៏ដូចជា ទីតាំងសក្ដានុពលផងដែរ ដូចជាមានផ្សារ មានកន្លែងសម្រាប់កូនៗរបស់ពួកគេកម្សាន្ត។ ដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍លំនៅឋាន នៅក្នុងប្រតេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានផ្ដោតការយកចិត្តទុកដាក់ ដោយអភិវឌ្ឍន៍លំនៅឋានដែលមានសួនច្បារធំៗ មានកន្លែងកម្សាន្ត និងមានម្ចាស់គម្រោងខ្លះទៀត បានទាក់ទាញឱ្យផ្សារទំនើបខ្នាតតូច ក៏ដូចជាផ្សារសហគមន៍ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ដែលទិញនិងស្នាក់នៅក្នុងគម្រោងរបស់ខ្លួន ។

លោកបន្តថា ទាំងនេះយើងអាចសន្មត់បានឆ្នាំ២០២៣នេះ ជាឆ្នាំមួយដែលវិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសវិស័យលក់រាយនៃទំនិញចេញពីសហគ្រាសធុនតូច និងមធ្យម ទទួលបាននូវការប៉ះប៉ូវឡើងវិញ ជាពិសេសការផ្គត់ផ្គង់ ទៅលើការរីកចម្រើននៃវិស័យសំណង់។

លោកបន្តថា “ការរស់នៅរបស់មនុស្សជំនាន់នេះ គឺពួកគាត់ចង់បានច្រើនចង់បានការរស់នៅដែលស្រួលជាងជំនាន់មុនៗ”។

ស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញ ផ្សារទំនើបបែបសហគមន៍មួយ​នឹងលេចឡើងនៅតតំបន់អរិយក្សត្រ ដែលបានធ្វើឲ្យតំបន់នេះ កំពុងទាក់ទាញការអភិវឌ្ឍ។

កញ្ញាឈាវ គីមហ័ង្សនាយកផ្សារនៃផ្សារទំនើបAK Avenue បុរីវីឡាទួលសង្កែអរិយក្សត្របានមានប្រសាសន៍ថា ផ្សារទំនើបនេះកំពុងជួយដល់សហគមន៍មូលដ្ឋាននូវឱកាសការងារ ការឡើងថ្លៃអចលនទ្រពន្យ និងជម្រុញការរីកចម្រើននៅក្នុងតំបន់នេះផងដែរ។

កញ្ញាបន្តថា “តាមផែនការផ្សារទំនើបបែបសហគមន៍AK Avenueនឹងបើកដំណើរការនៅចុងត្រីមាសទី១ ឬដើមត្រីមាសទី២ដើមឆ្នាំនេះ ខណៈ​ការសាងសង់បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម”។ កញ្ញាបានបន្តថា “ជាមួយគ្នានេះ ចំនួនស្តង់ដែលបានជួលបានកើនឡើង លើស៦០ភាគរយហើយពីអតិថិជន”

ជាការកត់សម្គាល់បានបង្ហាញផងដែរថា នៅពេលមានក្រុមហ៊ុនអភិ​វឌ្ឍន៍លំនៅឋាន បានអភិវឌ្ឍន៍នៅតំបន់ណាមួយ ហើយគេសង្កេតឃើញថា មានក្រុមហ៊ុនផ្គត់ផ្គង់ ឬក៏អ្នកលក់រាយក៏ចាប់ផ្ដើម បោះទីតាំងទៅតាមក្រោ​យដែរ ដូចជា ជាផ្សារទំនើបខ្នាតតូចធំ និងមជ្ឈមណ្ឌលលក់ទំនិញជាច្រើនទៀតផងដែរ។

បើតាមអ្នកនាងអាន សុធីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនPropNex Cambodia បានលើកឡើងផងដែរថា ទីផ្សារមានការអភិវឌ្ឍលំនៅឋានទីនោះនឹងមានការផ្គត់ផ្គង់ ឬលក់រាយកាន់តែច្រើន។ ជាក់ស្ដែង នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ គេឃើញមានគម្រោងលំនៅឋានច្រើន បានបោះទីតាំង និងចាប់ផ្ដើមអភិវឌ្ឍន៍ផ្គត់ផ្គង់ ជូនអតិថិជនហើយក៏ឃើញថា មានផ្សារទំនើបជាច្រើន បានបង្ហាញវត្តមាននៅតំបន់នោះដើម្បីបំពេញ តម្រូវការជូនអតិថិជនដែលរស់នៅតំបន់នោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here