ដោយវុត្ថា
សឹង្ហបុរី: ទីផ្សារវិនិយោគអចលនទ្រព្យរបស់ប្រទេសឹង្ហបុរី បានឈរនៅក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់អាំស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ដោយសារតែមានកិច្ចព្រមព្រៀងទិញ លក់មានចំនួនច្រើន ពីសំណាក់អ្នកវិនិយោគក្រៅស្រុក និងក្នុងស្រុកច្រើនជាងគេ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានរៀបចំដែន Urban Land Institute និងក្រុមហ៊ុន PrincewaterhouseCoopers (PwC) ចេញផ្សាយកាលពីពេលថ្មីៗនេះ ដែលមានចំណងជើងថា “និន្នាការដែលកំពុងរីកចម្រើន ក្នុងវិស័យអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2019” ថា ការចុះបញ្ជីទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងចំនួន៥ ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការវិនិយោគ និងការអភិវឌ្ឍនៅក្នុងឆ្នាំ2019 មានការរីកចម្រើនជាងគេដូចជាទីក្រុងមែលប៊ន ទីក្រុងសឹង្ហបុរី ទីក្រុងស៊ីដនី ទីក្រុងតូក្យូ និងទីក្រុងអូសាកា។
របាយការណ៍នេះ បានបង្ហាញផងដែរថា ប្រទេសសឹង្ហបុរីបន្តងើបឡើងវិញពីកម្រិតទាបកាលពី២ឆ្នាំមុន ដោយឈរមកនៅលំដាប់លេខរៀងទី២ កើនឡើងពីលេខ៣ កាលពីឆ្នាំមុន ដោយសារការជួលការិយាល័យបានកើនឡើងយ៉ាងខ្លាំង។
-->
លោក Pauline Oh នាយកប្រតិបត្តិនៃក្រុមហ៊ុន ULI Singapore បាននិយាយថា ការរីកចម្រើន នៅក្នុងទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរី ត្រូវបានគេមើលឃើញថាអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់ បន្ទាប់ពីមានការធ្លាក់ចុះមកឈរលេខរៀងទី២១ នៅក្នុងរបាយការណ៍ឆ្នាំ២០១៧។
លោកYeow Chee Keong នាយកប្រតិបត្តិសណ្ឋាគារ និងអចលនទ្រព្យ PwC Singaporeបានបន្ថែមថា បរិយាកាសពាណិជ្ជកម្មសម្រាប់ប្រទេសសិង្ហបុរី និងការកើនឡើងនៃកត្តាប្រជាសាស្រ្ត បានដាក់ប្រទេសទាំងមូលជាទីផ្សារទាក់ទាញអ្នកអភិរ័ក្សវិស័យអចលនទ្រព្យ។

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសសឹង្ហបុរី នៅតែមានភាពរ៉ឹងមាំ បើទោះបីជាវិធានការណាមួយពីអជ្ញាធរ ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏កំណើនសេដ្ឋកិច្ចនៅតែរឹងមាំ និងចំនួនអ្នកទេសចរណ៍នៅកើនឡើងខ្ពស់ ក្នុងជួយទ្រទ្រង់ដល់ការជួលស្នាក់នៅ និងការិយាល័យធ្វើការដើម។
របាយការណ៍នេះ ដកស្រង់ផ្អែកលើទស្សនៈរបស់អ្នកជំនាញអចលនទ្រព្យចំនួន ៣៥០រូប រួមទាំងវិនិយោគិន អ្នកអភិវឌ្ឍន៍តំណាងក្រុមហ៊ុនអចលនទ្រព្យ អ្នកផ្តល់ប្រាក់កម្ចី ឈ្មួញកណ្តាលនិងអ្នកពិគ្រោះយោបល់ ដោយផ្តល់នូវទស្សនវិស័យមួយស្តីពីការវិនិយោគអចលនទ្រព្យ និងនិន្នាការអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក ហិរញ្ញវត្ថុអចលនទ្រព្យនិងទីផ្សារមូលធន និងនិន្នាការលើវិស័យអចលនទ្រព្យនិងទីក្រុងនៅក្នុងតំបន់៕