ក្រសួងសេដ្ឋកិច្ចៈវិស័យសំណង់រំពឹងកើនឡើង៧ភាគរយក្នុង ឆ្នាំ២០២៣នេះ

ចែករំលែក

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពនៃការសាងសង់ នៅក្នុងប្រទេសកម្ពុជាឃើញថាចាប់ផ្ដើម មានសកម្មភាពឡើងវិញកាលពីមុន និងរំពឹងថា វិស័យនេះនឹងបន្តមានកំណើនឡើងវិញ នៅក្នុងឆ្នាំ២០២៣នេះ។

ជាក់ស្ដែងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា វិស័យសំណង់នៅក្នុងឆ្នាំ២០២៣នេះ ដោយរំពឹងថានឹងមានកំណើនឡើងវិញ ក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងឆ្នាំ២០២៣នេះ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះ សកម្មភាពនៃការសាងសង់ក្នុងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជាឃើញថា ចាប់ផ្ដើមមានដំណើរការឡើងវិញ ជាពិសេសការដ្ឋានសំណង់ ដែលបានផ្អាកដំណើរការកាលពីអំឡុងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០និងឆ្នាំ ២០២១ ។

តាមរយៈសកម្មភាព នៃដំណើរការសាងសង់ កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ជាសសញ្ញាល្អ សម្រាប់សកម្មភាពនៃការសាងសង់នៅក្នុងឆ្នាំ២០២៣នេះ  ហើយរំពឹងថាការសាងសង់នឹងរំពឹង មានកំណើនឡើងវិញនៅក្នុងឆ្នាំនេះផងដែរ។

អ្នកនាងគឹម គិនកេសាបានបន្តថា វិស័យអចលនទ្រព្យនិងគម្រោងសំណង់ធំៗមួយផ្នែក នៅបន្តពឹងលើអ្នកវិនិយោគបរទេស។ ដូច្នេះបើសិនជាអ្នកវិនិយោគបរទេស ចូលមកកម្ពុជាច្រើនឡើងវិញនោះ សកម្មភាពនៃការសាងសង់ និងការវិនិយោគលើវិស័យសំណង់នឹងរំពឹងថា ទទួលបានកំណើននិងសកម្មភាពខ្ពស់ផងដែរ ។

អ្នកនាងកេសា បន្ថែមថា ការបើកប្រទេសឡើងវិញរបស់ចិន ក៏ជាកត្ដាល្អនិងជាសញ្ញាវិជ្ជមានមួយ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស មកកាន់កម្ពុជា ប៉ុន្តែភ្លាមៗទាំងចិននិងកម្ពុជា ត្រូវការពេលវេលា និងរកដំណោះស្រាយបញ្ហា។

នៅក្នុងវិស័យសំណង់នេះដែរគេសង្កេតឃើញថា គម្រោងសាងសង់លំនៅឋាននៅតែនាំមុខគេ ទាំងលំនៅឋានមានលក្ខណៈជាបុរី និងលំនៅឋានជាអគារសហកម្មសិទ្ធិ ដោយសារតែតម្រូវការផ្នែកនេះ នៅលើទីផ្សារនៅតែមានខ្ពស់ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសនៅតែបន្តផ្ដោតលើការអភិវឌ្ឍលំនៅឋាន។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឺទ្ធីអគ្គនាយកក្រុមហ៊ុនKFA បានលើកឡើងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើងខ្ពស់ ទាំងលំនៅឋានតម្លៃសមរម្យ និងលំនៅឋានតម្លៃខ្ពស់ ហើយអ្នកអភិវឌ្ឍន៍លំនៅឋាន ក៏បានសម្លឹងមើលពីឱកាស ក្នុងការផ្គត់ផ្គង់លំនៅឋានជូនអតិថិជនរបស់ទៅតាមទីតាំងជាក់ស្ដែង៕


ចែករំលែក