ដោយ៖ សុផារី
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន២.០៩១៥ក្រុមហ៊ុន និងចំនួននាមករណ៍បម្រុងទុកមានចំនួន១៣.០៦៨ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន៥,៩ពាន់លានដុល្លារអាមេរិក។
នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សកម្មភាពសាងសង់អគារមានទុនចុះបញ្ជីធំជាងគេ ចំនួន៩៧៨លានដុល្លារអាមេរិក ខណៈសកម្មភាពអចលនទ្រព្យ មានទុនចុះបញ្ជីចំនួន៧២៣លានដុល្លារអាមេរិក។

ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគេ គឺ ការសាងសង់អគារ ដែលមានទុនចុះបញ្ជីចំនួន ៩៧៨លានដុល្លារអាមេរិក ឬស្មើនឹង១៧% នៃគម្រោងចុះបញ្ជីទាំងមូល និងការចុះបញ្ជីនៃសកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ដែលមានទុនចុះបញ្ជីចំនួន៧២៣លានដុល្លារអាមេរិក ឬស្មើនឹង១២%។
ក្រៅពីនេះ មានសកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានទុនចុះបញ្ជីចំនួន៣៤៧លានដុល្លារអាមេរិក ឬស្មើនឹង៦% កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនចុះបញ្ជីចំនួន២៨២លានដុល្លារអាមេរិក ស្មើនឹង៥% ការលក់ដុំឯកទេសផ្សេងៗ មានទុនចុះបញ្ជីចំនួន២៨៧លានដុល្លារអាមេរិក ស្មើនឹង៥% និងផ្សេងៗទៀត មានទុនចុះបញ្ជីចំនួន៣,៣០ពាន់លានដុល្លារអាមេរិក ស្មើនឹង៥៦%៕







