ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យកសាងផ្លូវចំនួន២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដោយដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីពីររូប រួមមាន លោកស៊ូកាណូ (Jalan Soekarno) និង លោក អាលីអាឡាតាស់ (Jalan Ali Alatas)។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។
ផ្លូវ២ខ្សែ ដែលត្រូវបានកសាងនោះ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។
លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការត្រេកអរ ចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
លោកបានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕







