ដោយៈ សុខុម
បាងកក: គេហទំព័រអចលនទ្រព្យ DDproperty.com បានក្រើនរំឭកថា អ្នកទិញផ្ទះក្នុងទីផ្សារប្រទេសថៃ គួរតែមានវិន័យជាងមុននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងត្រៀមលក្ខណៈឱ្យបានល្អជាងមុន មុនពេលសម្រេចចិត្តទិញផ្ទះ។
ការលើកឡើងនេះ ស្របពេលតម្លៃផ្ទះកំពុងហក់ឡើង អត្រាការប្រាក់ក៏កើនឡើង ហើយគ្រឿងលើកទឹកចិត្តអចលនទ្រព្យក៏ផុតសុពលភាព។
លោក Wittaya Apirakviriya នាយកប្រតិបត្តិគេហទំព័រខាងលើនេះថ្លែងថា តាមការរំពឹងទុកតម្លៃអចលនទ្រព្យក្នុងឆ្នាំនេះ នឹងហក់ឡើងចន្លោះពី៥%ទៅ១០% ស្របតាមអត្រាការប្រាក់ហក់ឡើង ហើយថ្លៃចំណាយអភិវឌ្ឍន៍ក៏កើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៦ ខែមករា។

លោកបានបន្ថែមថា “ចំណាយថ្លៃដើមកំពុងហក់ឡើង ដោយសារតែអតិផរណាកើនឡើង ការដំឡើងប្រាក់ឈ្នួលអប្បបរមា ហើយថ្លៃប្រេងឥន្ធនៈ និងថ្លៃសម្ភារសំណង់ក៏ហក់ឡើង”។
លោកបានបន្តថា “ឆ្នាំនេះថ្លៃសេវាថ្មី សម្រាប់ការវាយតម្លៃដីធ្លី នឹងត្រូវអនុវត្ត ដែលនឹងជះផលប៉ះពាល់ផ្ទាល់ ទៅលើប្រតិបត្តិការទិញលក់អចលនទ្រព្យ”។
ទន្ទឹមនេះ លោក Naporn Sunthornchitcharoen ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យ Land & House Plc បានលើកឡើងថា តម្លៃដីបានហក់ឡើងប្រមាណ៥%ជារៀងរាល់ឆ្នាំ។
លោកគូសបញ្ជាក់ថា “ដោយសារចំណាយថ្លៃដើមទាំងនេះ ហក់ឡើង តម្លៃផ្ទះក្នុងឆ្នាំនេះនឹងហក់ឡើង៥%។ លោកបញ្ជាក់ថា “ដោយសារកង្វះកម្លាំងពលកម្ម កើតមានតាំងពីឆ្នាំមុន យើងបានបន្ថែមចំនួនអ្នកម៉ៅការដើម្បីជួយគាំទ្រ ដល់អាជីវកម្មរបស់យើងក្នុងឆ្នាំ២០២៣”។
អ្នកជំនាញរូបនេះបន្ថែមទៀតថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន អ្នកទិញផ្ទះពេលនេះ ត្រូវបង់រំលស់ប្រចាំខែខ្ពស់ជាងមុន និងបង់រយៈពេលយូរជាងមុនដោយសារតែអត្រាការប្រាក់ហក់ឡើង។ ដូចនេះពួកគេគួរតែពិចារណាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងត្រូវមានវិន័យនៅក្នុងគ្រប់គ្រងហិរញ្ញវត្ថុ មុននឹងសម្រេចចិត្តទិញផ្ទះ៕ Bangkok Post៕







