តើប្រទេសថៃនឹងជួបភាពវឹកវរជាថ្មី ក្រោយកូនស្រីថាក់ស៊ីនវិលមក កាន់ឆាកនយោបាយ?

0

  ដោយៈ ជេស៊ីកា

       បាងកកៈ ក្រុមអាវក្រហមត្រូវបានបង្កើតឡើង ហើយជាលទ្ឋផលបានប្រឈមមុខយ៉ាងចលាចល នៅកណ្តាលទីក្រុងបាងកក បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដ៏មានប្រជា​ប្រិយភាព។

ប៉ុន្តែរដ្ឋប្រហារចុងក្រោយ ដែលដឹកនាំដោយលោកប្រាយុទ្ឋ ចាន់អូរចា បានធ្វើឲ្យប្រទេសថៃ ជួបភាពនឹងនរខាងនយោបាយឡើងវិញ បន្ទាប់ពីមេ​យោធាដ៏មានឥទ្ឋិពលរូបនេះ បានកែរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាត្តឲ្យយោធា​មានសិទ្ឋស្ទើរគ្រប់យ៉ាង ក្នុងការកំណត់ជោគវាសនាប្រទេសថៃ ហើយជាលទ្ឋផល លោកបានក្លាយជានាយករដ្ឋមន្រ្តី ប៉ុន្តែជានាយករដ្ឋមន្រ្តីមិនសូវមាន​ប្រជាប្រិយភាព។

កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) បានប្រកាសថា អ្នកនាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃគណបក្សភឿថៃ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ខណៈគណបក្សប្រឆាំងដ៏ធំរបស់ថៃមួយនេះ កំពុងព្យាយាមដណ្ដើមអំណាចមកវិញ ក្រោយត្រូវបានយោធាធ្វើរដ្ឋប្រហារកាលពីជាង៨ឆ្នាំមុន។

ការបញ្ជាក់របស់អ្នកនាង ផែថងថាន ស៊ីនណាវ៉ាត់ (Paetongtarn Shinawatra) ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករានេះ នៅឯ តំបន់ភាគឦសាននៃប្រទេសថៃ ជាមូលដ្ឋានជនបទដ៏រឹងមាំមួយ ដែលតែងតែផ្ដល់នូវជ័យជម្នះ សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតចំនួន៥លើក ពោលគឺចាប់តាំងពី ឆ្នាំ២០០១មក សម្រាប់គ្រួសារត្រកូលស៊ីនណាវ៉ាត់។

អ្នកនាង ផែថនថាន បានគូសបញ្ជាក់ដោយផ្ទាល់ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរពីការឈរឈ្មោះជា បេក្ខភាពនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា “ពិតមែនហើយ ខ្ញុំបានត្រៀនខ្លួនរួចរាល់ហើយ…យើងចង់ឱ្យគណបក្សទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដើម្បីអាចបំពេញតាមពាក្យសន្យាដែលយើងបានសន្យាទៅកាន់ប្រជាជន”។

មែនទែនទៅ ចេតនាចង់ឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អ្នកនាង ផែថងថាន ត្រូវបានគេលើកយកជជែកដេញ នៅបន្ទាប់ពីអ្នកនាងបានបង្ហាញខ្លួនជារឿយៗ នៅតាមវេទិកាជួបជុំរបស់គណបក្សភឿថៃ កាលពីឆ្នាំ២០២២ រហូតដល់មានការចោទសួរផងដែរ ឡើងពីលទ្ធភាពដែលគ្រួ​សារស៊ីនណាវ៉ាត់ ត្រឡប់មកកាន់អំណាចវិញ សាជាថ្មីនៅក្នុងនយោបាយថៃ?។

គណបក្សភឿថៃ មិនទាន់ប្រកាសតែងតាំងបេក្ខភាព នាយករដ្ឋមន្ត្រីរបស់ខ្លួនជាផ្លូវការនៅឡើយទេ តែអ្នកនាង ផែថងថាន​ត្រូវបានគេមើកឃើញ ថាមានលទ្ធភាពខ្ពស់ជាងគេនៅក្នុងបក្ស។

* តើអ្នកនាង ផែថងថានជានរណា?

កើតនៅឆ្នាំ១៩៨៦ អ្នកនាង Paetongtarn Shinawatra គឺជាកូនស្រីពៅ នៅក្នុងចំណោមកូន៣នាក់របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតី​ត​នាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ និងដែលត្រូវបានបណ្ដេញចេញពីអំណាច ដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ អ្នកនាងបានបញ្ចប់ការសិក្សា ផ្នែកសង្គមវិទ្យា (sociology) នៅឯសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្ត ហើយបញ្ចប់ការសិក្សា ផ្នែកអនុបណ្ឌិតផ្នែកគ្រប់គ្រង សណ្ឋារគារអន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។

អ្នកនាង ផែថងថាន ត្រូវបានគេចាត់ទុកជា សហគ្រិនស្ត្រីដ៏ជោគជ័យម្នាក់ និងជានាយកប្រតិបត្តិ CEO ក្រុមហ៊ុន Rende Development។

* ឧបសគ្គដ៏ធំរបស់គណបក្សភឿថៃ និងអ្នកនាង ផែថងថាន

ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានថៃ National Institute of development Administration ចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅបានបង្ហាញថា អ្នកនាង ផែថងថាន គឺជាជម្រើសទី១ នៃអ្នកបោះឆ្នោត ដែលពួកគេចង់ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅក្នុងអាណត្តិនេះ ដោយទទួលបានសំឡេងគាំទ្រ ៣៤.០០ភាគរយ ខណៈនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក បា្រយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រ ១៤.៥ភាគរយ។

ការស្ទង់មតិដដែលដែល បានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក៏បានឱ្យដឹងដែរថា នៅពេលសាកសួរពីគណបក្សវិញ អ្នកដែលត្រូវបានសម្ភាសន៍៤២.៩៥ភាគរយបាននិយាយថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សភឿថៃទៀតផង។

ក្រុមយោធានៅក្នុងប្រទេសថៃ បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីកម្ចាត់ឥទ្ធិពល និងប្រជាប្រិយភាពនៃគ្រួសារស៉ីនណាវ៉ាត់។

ជាការពិតណាស់ យោធាថៃមិនអាចបន្សាប ប្រជាប្រិយភាពរបស់គ្រួសារស៊ីនណាវ៉ាត់ នៅក្នុងចំណោមប្រជាជនថៃ ជាពិសេសប្រជាជនរស់នៅតាមទីជនបទបានឡើយ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេបានប្រើប្រាស់ ច្បាប់ ដើម្បីរារាំងការវិលត្រឡប់ មកកាន់អំណាចសាជាថ្មី របស់គ្រួសារស៊ីនណាវ៉ាត់ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកវិភាគជាច្រើនយល់ស្របដូចគ្នាថា ជ័យជម្នះរបស់គណបក្សភឿថៃ និងអ្នកនាង ផែថងថាន អាចនឹងក្លាយជាការត្រួសត្រាយផ្លូវឱ្យលោក ថាក់ស៊ីន ត្រឡប់ចូលមកក្នុង ប្រទេសថៃវិញ ហើយលោកថាក់ស៊ីនខ្លួនឯង កំពុងរស់នៅនិរទេសខ្លួននៅឯបរទេស ជាមួយប្អូនស្រីបង្កើតគឺ លោកស្រី យ៉ីងឡាក់ ក៏ធ្លាប់បានសន្យាកាលពីឆ្នាំ២០២១ដែរថា លោកនឹងត្រឡប់ចូលស្រុកតាមផ្លូវមុខ។

ក៏ប៉ុន្តែទោះជាមានប្រ៊េនប្រជាប្រិយភាព នៃគ្រួសារស៊ីនណាវ៉ាត់ ក៏ពិតមែន ក៏គណបក្សភឿថៃ និងអ្នកនាង ផែថងថាន នឹងត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយ នោះគឺរដ្ឋធម្មនុញ្ញរបស់យោធាថៃ​។ ដើម្បីអាចជាប់ ឆ្នោតជានាយករដ្ឋមន្ត្រី បេក្ខជននីមួយៗ ចាំបាច់ត្រួវតែប្រមូលឱ្យបាននូវការគាំទ្រសំឡេងភាគច្រើន នៅក្នុងសភាជាន់ទាប ដែលមានអាសនៈចំនួន៥០០ និងក្នុងព្រឹទ្ធសភា ដែលមានអាសនៈចំនួន២៥០។

តែនៅក្រោមរដ្ឋធម្មនុញ្ញដែលត្រូវបានព្រាង និងធ្វើវិសោធនកម្មដោយយោធាថៃកាលពីឆ្នាំ២០១៧ ព្រឹទ្ធសភាថៃសព្វថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងពីសមាជិក ព្រឹទ្ធសភាមានភក្ដីភាពនឹងយោធាថៃ។

នៅត្រង់ចំណុចនេះ​ វាមានលទ្ធភាពខ្ពស់ដែលសេណារីយ៉ូ ដូចគ្នាទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៩ អាចនឹងកើតឡើងជាថ្មី ម្ដងទៀតក្នុងឆ្នាំ២០២៣នេះ។ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ គណបក្សភឿថៃទទួលបានសំឡេងភាគច្រើន នៅក្នុងសភាជាន់ទាប ប៉ុន្តែព្រឹទ្ធសភាគ្រប់​គ្រងដោយយោធាទៅវិញទេ ដែលមានសិទ្ធិអំណាចអនុញ្ញាតឱ្យលោក ប្រាយុទ្ធ បង្កើតរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស។

ដូច្នេះមិនថា នៅក្នុងការបោះឆ្នោតណានោះទេ ក្រុមគណបក្សគាំទ្រ យោធាថៃ នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាអំណាច ហើយព្យាយាមបកស្រា​យផ្លូវច្បាប់ថាគណបក្សភឿថៃ មិនគួរត្រូវបានអនុញ្ញាតឱ្យបង្កើតរដ្ឋភិបាលចម្រុះទេ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានផ្ដាច់ខ្លួនចេញពីគណបក្ស Palang Pracharath គាំទ្រដោយយោធា និងបានចូលរួមក្នុង ជីវភាពនយោបាយថ្មី នៅក្នុងគណបក្ស Ruam Thai Sang Chart ឬ United Thai Nation Party ដែលបានបើកសមាជបក្សដំបូងកាលពីខែសីហា ឆ្នាំ២០២២។

ក្រោយការចាកចេញរបស់លោក ប្រាយុទ្ធ បក្ស Palang Pracharath (PPRP) បានប្រកាសថា លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) គឺជាបេក្ខាភាពនាយករដ្ឋមន្ត្រីរបស់បក្សសម្រាប់ការបោះឆ្នោតសកល ដែលអាចនឹងធ្វើឡើងនៅមុនខែឧសភា។

បើតាមក្រុមអ្នកវិភាគ លោក ប្រាយុទ្ធ ចាន់អូចា លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ និងអ្នកនាង ផែថងថាន គឺជាបេក្ខជនសំខាន់ៗ ត្រូវប្រជែងគ្នាយកកៅអីនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះ។

តាមរយៈការចូលរួមជាមួយគណបក្ស United Thai Nation Party លោក ប្រាយុទ្ធ អាចនឹងសហការជាមួយលោក ប្រាវីត និងគណបក្សដទៃដែលស្និទ្ធនឹងយោធាថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

នៅក្នុងករណីនេះ ប្រសិនបើមានសំឡេងគ្រប់គ្រាន់ នៅក្នុងសភាជាន់ទាប នោះលោក ប្រាយុទ្ធ និងលោក ប្រាវីត អាចនឹងចាប់ដៃសហការគ្នាដោយមានជំនួយពីព្រឹទ្ធសភា។ ប៉ុន្តែបើដូច្នេះមែន តើរវាងលោក ប្រាយុទ្ធ និងលោក បា្រវីត នរណានឹងក្លាយជានាយករដ្ឋមន្ត្រី? ក្រុមអ្នកវិភាគជឿថាបើគណបក្ស United Thai Nation Party មានអាសនៈ ច្រើនជាងគណបក្ស Palang Pracharath នោះលោក ប្រាយុទ្ធនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី និងច្រាសមកវិញ ខណៈទំនាក់ទំនងមិត្តភាព រវាងអ្នកទាំង២ មានការរង្គោះរង្គើរតិចតួច កាលពីពេលថ្មីៗនេះក៏ដោយ ក៏វានៅតែមានភាពរឹងមាំគ្រប់គ្រាន់អាចឱ្យសេណារីយ៉ូ ទៅរួច។

តែក៏អាចមានសេណារីយ៉ូមួយផ្សេងទៀត ដែលគេសឹងតែមិនហ៊ាននឹកស្មានដល់ នោះគឺលោកប្រាវីត លួចចាក់លោក ប្រាយុទ្ធពីក្រោយខ្នង បើគណបក្សភឿថៃនិយាយថា “មកចូលរួមជាមួយនឹងពួកយើង បើអ្នកចង់ក្លាយជានាយករដ្ឋមន្ត្រី”។

នៅក្នុងសេណារីយ៉ូនេះ គឺគណបក្ស Palang Pracharath មានអាសនៈតិចជាងគណបក្ស United Thai Nation Party តែគណបក្សភឿថៃ យល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះ ដោយឱ្យលោកប្រាវីត ធ្វើជានាយករដ្ឋមន្ត្រីំ រីឯអ្នកនាង ផែថងថាន ត្រូវបានរៀបចំសម្រាប់កាន់តំណែងជា នាយករដ្ឋមន្ត្រីនៅពេលអនាគត។

ក្នុងន័យនេះ គោលដៅរយៈពេលខ្លីរបស់គណបក្សភឿថៃ នោះគឺត្រឡប់ មកចូលរួមក្នុងរដ្ឋាភិបាលវិញសិន ហើយគោលដៅរយៈពេលវែង នោះគឺមាននាយករដ្ឋមន្ត្រីម្នាក់ដឹកនាំរដ្ឋាភិបាល។

នៅពេលត្រូវបានសាកសួរថា តើគណបក្សរបស់លោក នឹងធ្វើកិច្ចព្រមព្រៀងនៅមុនការបោះឆ្នោត ជាមួយគណបក្សណាមួយដែរឬទេ? មេដឹកនាំគណបក្សភឿថៃ លោកCholnan Srikaew បាននិយាយថា ជាការពិតណាស់ កិច្ចព្រមព្រៀងមុនការបោះឆ្នោតរបៀបនេះ ប្រហែលជានឹងមិនអាចកើតឡើង។

ប៉ុន្តែក្នុងន័យនេះ លោក Srikaew និយាយត្រឹមពាក្យ “ប្រហែល តែមិនមែនដាច់ខាតនោះទេ”។ ប្រភពFreshnews៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here