ដោយវុត្ថា
បាត់ដំបង៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងសម្ពោធដាក់សារមន្ទីរ និងសាលតាំងពិព័រណ៍រូបថតនៃមន្ទីរវប្បធម៌ខេត្តបាត់ដំបង នៅពាក់កណ្តាលខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីការជួយជុលរួចរាល់ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនានូវសមិទ្ធិផលនានា ដែលខេត្តសម្រេចបាននាពេលកន្លងមកនេះ។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឲ្យ ដឹងកាលពីពេលថ្មីៗនេះថា អគារសារមន្ទីរខេត្ត នឹងត្រូវរក្សានិងរៀបចំទុកដាក់តាំងនូវវត្ថុបុរាណនានា ដែលប្រមែប្រមូលបានពីទីកន្លែងតំបន់ផ្សេងៗ យកមករក្សាទុកនៅទីនេះ ដើម្បីការថែរក្សាទុកផង និងរៀបចំដាក់តាំងបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា រហូតដល់ធ្វើការជួសជុលកែលម្អជាទ្រង់ទ្រាយធំសាជាថ្មីឡើងវិញ ទាំងអគារសារមន្ទីរ ក៏ដូចជាសាលពិព័រណ៍រូបថតផងដែរ។
លោកស្រីបន្តថា “គម្រោងជួសជុលធំនៃអគារសារមន្ទីរនេះគឺជាថវិកាបដិភាគ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងដៃគូផ្តល់ជំនួយអភិវឌ្ឍន៍របស់អង្គការហ្វុកស៊ី ក្នុងនោះក្រសួងជាអ្នកគ្រប់គ្រង និងអនុវត្តគម្រោងដោយផ្ទាល់ ដោយបានរៀបចំដួសជុលធ្វើការកែលម្អនូវទីតាំងទាំងនេះ អស់រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកហើយ”។ លោកស្រីបន្តថា “ការកែលម្អរៀបចំ និងជួសជុលសាលពិព័រណ៍រូបថតនេះ គឺជាការចំណាយថវិកាផ្ទាល់របស់ក្រសួងតែម្តង”។
មកដល់ពេលនេះ គម្រោងជួសជុលកែលម្អអគារទាំង២នេះបានបញ្ចប់ស្ថាពរហើយ។ នៅសេសសល់តែការងាររៀបចំ និងទុកដាក់ថ្មចម្លាក់ នៅក្នុងសារមន្ទីរ ដើម្បីឲ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។
លោកស្រី កែវ សុភាព ក៏បានបញ្ជាក់ឲ្យដឹងថា ក្រោយពីបញ្ចប់គម្រោងជួសជុល និងរៀបចំសម្អាតនូវទីធ្លាទាំង២នេះ មន្ទីរបានដាក់សំណើទៅរដ្ឋបាលខេត្ត និងក្រសួងវប្បធម៌រួចរាល់ហើយ ដោយគ្រោងដាក់សម្ពោធ និងបើកឲ្យដំណើរការជាផ្លូវការដើម្បីបម្រើជូនដល់ភ្ញៀវទេសជាតិ និងអន្តរជាតិចូលទស្សនានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ឆាប់ៗខាងមុខ នេះប្រសិនបើគ្មានការកែប្រែទេនោះ។
សារមន្ទីរ និងសាលពិព័រណ៍រូបថតខេត្តនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង មានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង តាមបណ្តោយផ្លូវខេត្តលេខ១ ជាប់ប្របដងស្ទឹងសង្កែ នាត្រើយខាងលិចទីប្រជុំជនក្រុងបាត់ដំបង (ជាប់វត្តដំរីស) ត្រូវបានធ្វើការជួសជុលជាថ្មី នូវអតីតសារមន្ទីរជាតិក្នុងខេត្តបាត់ដំបង ដែលបានកសាងនៅក្នុងសម័យសង្គមរាស្ត្រនិយម នៃព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទព្រះនរោត្តមសីហនុ ក្នុងចន្លោះនៃទសវត្សឆ្នាំ៦០កន្លងមក ហើយត្រូវបានបន្សល់នូវភាពចាស់ទ្រុឌទ្រោម នៅក្នុងចន្លោះរបបខ្មែរក្រហម និងពីការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម និងជនខិលខូចមួយចំនួន។
ក្រោយថ្ងៃរំដាះ ៧មករា ១៩៧៩ និងចន្លោះក្នុងសម័យរដ្ឋកម្ពុជាទាំងសារមន្ទីរ និងសាលពិព័រណ៍នេះ ត្រូវបានអាជ្ញាធរខេត្ត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរជំនាញបានធ្វើការរៀបចំជួសជុលកែលម្អអគារសារមន្ទីរ និងសាលរៀបចំពិព័រណ៍រូបថតឲ្យមានសោភ័ណភាព និងរៀបចំទីតាំងនេះ ដើម្បីរៀបចំដាក់តាំងនូវពិព័រណ៍រូបថត ពីសកម្មភាពថ្នាក់ដឹកនាំសំខាន់ៗ និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យក្នុងខេត្ត៕