ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាទម្លាប់អាជីវករភាគច្រើន ពួកគេតែងតែដំឡើងថ្លៃមុខទំនិញសំខាន់ៗ សម្រាប់រៀបចំសែនព្រេន ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិចិន វៀតណាមដែលចូលមកដល់ចុងសប្តាហ៍នេះ។
ផ្កាអង្គារសីល មានហាងឆេងតែពេលបុណ្យចូលឆ្នាំចិន និងតែងតែរីកក្នុងពេលវេលានេះ តែងតែឡើងថ្លៃ ជ្រូកខ្វៃ និងទំនិញជាច្រើនទៀតទាំងចេក មាន់ ទា ជាដើមសុទ្ឋតែឡើងថ្លៃនៅគ្រប់ទីផ្សារទាំងអស់។
អាជីករលក់ដើមផ្កានៅខណ្ឌសែនសុខ ដោយគ្រាន់តែប្រាប់ថាឈ្មោះ មករាបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះថា នៅឆ្នាំនេះការនាំចូលផ្កា ដើម្បីយកមកលក់រាយ មានតម្លៃខ្ពស់ជាងមុន មូលហេតុដោយសារភាគីបោះដុំបន្តប្រាប់ថា នៅឆ្នាំមុនខាតបង់ដើមទុនច្រើន និងខ្វះអ្នកដាំដុះជាដើម ដែលនាំឲ្យតម្លៃកើនខ្ពស់។
លោកបានបន្តថា ការតម្លើងថ្លៃនេះ សម្រាប់ដើមក្រូចភ្នំ កម្ពស់ប្រហែល១ម៉ែត្រ នាំចូលមានតម្លៃជិត៤០០ដុល្លារទៅហើយ។ ចំណែកឯដើមផ្កាអង្គារសីល៍ ក៏ត្រូវតម្លើងពីចំនួន១០ ទៅ២០ដុល្លារ សម្រាប់ដើមធំ និងល្អៗ។
ចំណែកអ្នកស្រី សុខ លាង អាជីវករលក់ដើមផ្កានៅបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី បានលើកឡើងថា ឆ្នាំនេះត្បិតតែកូវីដ១៩ មានសភាពធូរស្រាល ប៉ុន្តែអ្នកស្រីបានសម្រេចចិត្ត កាត់បន្ថយការនាំចូលផ្កាស្បៃរឿង ជាងពាក់កណ្តាលបើធៀបឆ្នាំមុនៗ។

អ្នកស្រីបានឲ្យដឹងថា “ឆ្នាំមុនខ្ញុំកម្ម៉ងផ្កាស្បៃរឿងចំនួន៣,០០០ផើង ប៉ុន្តែឆ្នាំនេះខ្ញុំកម្ម៉ង់តែ១,០០០ផើងទេ”។
អាជីវករលក់ក្បែរៗគ្នា លើកឡើងស្រដៀងគ្នាថា ទោះបីជាស្ថានភាពកូវីដធូរស្រាលច្រើនជាងឆ្នាំមុនៗយ៉ាងណាក្តី ប៉ុន្តែពួកគាត់មិនហ៊ានរំពឹងទេថា អាចនឹងលក់ផ្កាដាច់ច្រើន ឬក៏អស់យ៉ាងណាទេ ដោយសារបច្ចុប្បន្នទីផ្សារប្រកួតប្រជែង ជាពិសេសអ្នកលក់កើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងគ្រប់ទីកន្លែង។

មុខទំនិញសំខាន់ៗ ត្រូវបានលក់ក្នុងតម្លៃដូចជា ប្រភេទផ្កាដង្គុំលក់ ក្នុងតម្លៃ៤ម៉ឺនរៀលក្នុង១ផើង។ ដើមរាសី ១២ ០០០រៀល ក្នុង១ដើមវែង, ដើមម្នាស់ ៤០ ០០០រៀល ក្នុង១ផើង, ផ្កាសេមាន់ ២០ ០០០រៀល ក្នុង១ផើង, ផ្កាស្បៃរឿង៨ពាន់រៀល សម្រាប់១ផើងតូច និងផើងធំតម្លៃ ១ម៉ឺនរៀល, ផ្កាអ័រគីដេ ២០ ០០០រៀល ក្នុង១ផើងជាដើម។
ពីមួយឆ្នាំទៅមួយ ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន ប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរកាត់វៀតណាម នៅក្នុងប្រទេសកម្ពុជានាំគ្នាប្រារព្ធបុណ្យចូលឆ្នាំចិន-វៀតណាមកាន់តែច្រើនឡើងៗ។
នៅឆ្នាំ២០២៣នេះ ថ្ងៃសែនកុងម៉ារបស់ជនជាតិចិន- វៀតណាម និងជនជាតិខ្មែរសែស្រឡាយចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករាខាងមុខនេះ៕







