ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ដើម្បីជំរុញការប្រើប្រាស់រថយន្តក្រុងអគ្គិសនី។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោកឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូល យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីពិភាក្សាពីការជំរុញការប្រើប្រាស់ រថយន្តក្រុងអគ្គិសនីនៅកម្ពុជា សម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

គោលដោនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួបពិភាក្សាការងារជាមួយ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៣ កន្លងទៅ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង និង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី នាំចូលយានយន្តក្រុងអគ្គិសនី សម្រាប់ធ្វើមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ដើម្បីបំពេញតម្រូវការរបស់សមាគមដឹកជញ្ជូនអ្នកដំណើរ និងបណ្ដាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរមួយចំនួនផងដែរ។
ជាពិសេស លើកទឹកចិត្តវិស័យឯកជន សហការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមបណ្ដាខេត្ត និងតំបន់សំខាន់ៗ មួយចំនួន។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី បានស្នើសុំរាជរដ្ឋាភិបាល កាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនី ឱ្យបានកាន់តែទាបតាមដែលអាចធ្វើបាន៕







