ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៧ ដែលមានទឹកប្រាក់សរុប៨១,៤លានដុល្លារ និងបង្កើតការងារ២១,១៧៣កន្លែង។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់CDC បានឱ្យដឹងថា គិតពីដើមខែមករាដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជី ឱ្យគម្រោងវិនិយោគចំនួន៧ ដែលរួមមាន៥ ជាប្រភេទវាយនភណ្ឌ និងចំនួន២ ស្ថិតនៅក្នុងផលិតកម្មអំពូលភ្លើងអគ្គិសនី។

អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការចូលមកបណ្តាក់ទុន កើតចេញពីហេតុផលចម្បងចំនួន២ ដូចជាទី ១ ការខិតខំរបស់រដ្ឋាភិបាល តាមរយៈការកែសម្រួលច្បាប់វិនិយោគឱ្យកាន់តែទាក់ទាញ ការបង្កើនកិច្ចសហការជាមួយប្រទេសនៅក្នុងតំបន់ និងពិភពលោកដើម្បីជំរុញការនាំចេញទំនិញ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងទី២ ការខិតខំរបស់ផ្នែកឯកជនក្នុងការធ្វើឱ្យកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែច្រើនលើពិភពលោក៕







