អ្នកឧកញ៉ាគួច ម៉េងលីៈបើមិនចង់ខូចអនាគតសូមកុំចូលរៀនវគ្គ ជោគជ័យមួយចំនួនអី

0

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ដែលជាបុគ្គលមានឥទ្ឋិពលដ៏សំខាន់មួយរូបបានថ្លែងថា បើមិនចង់ខូចអនាគត សូមកុំចូលរៀនវគ្គ ជោគជ័យមួយចំនួនអី។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបាន​សរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៧ មករាថា “រាល់ថ្ងៃនេះ ខ្ញុំឃើញអ្នកជោគជ័យរីកដូចផ្សិត។ ប៉ុន្តែមិនមែនផ្សិតហូបបានទេ គឺផ្សិតពុល”។

អ្នកឧកញ៉ាបានពន្យល់ថា អ្នកជោគជ័យខ្លះ ប្រៀបដូចជាមាសជ្រលក់ថ្នាំ ហើយដើរបោកប្រាស់គេសឹងតែគ្រប់គ្នា។ អ្នកខ្លះឃើញសម្បកគេហ៊ឹក​ហ៊ាក់ ក៏ជ្រួលជ្រើមចង់ជោគជ័យដូចគេដែរ ទាំងដែលខ្លួនឯងមិនដឹងថា គេនោះ មានបានដោយសារសមត្ថភាពពិតឬក្លែងក្លាយឡើយ។ នៅពេលគេបើកវគ្គជោគជ័យស្អីមួយ អ្នកខ្លះក៏ផ្អើលទៅដូចគោដាច់កន្លុះ។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តថា កន្លែងខ្លះ ពេលទៅចូលរៀនម្តងៗសុទ្ធតែបង់លុយ ហើយក្រោយពីរៀនចប់ គេក៏ផ្លុំត្រចៀកឱ្យយកលុយទៅវិនិយោគនេះ វិនិយោគនោះ។ ចុងក្រោយម្នាក់ៗទឹកភ្នែក ជូតក្បាលជង្គង់ក៏មាន។ អ្នកខ្លះ អត់ហ៊ានប្រាប់គេឱ្យដឹងទេ ព្រោះខ្លាចខ្មាសគេ។ ដល់អ្នកក្រោយគ្នាអត់ដឹង ក៏បុកទៅមួយខ្យល់ទៀត ទឹកភ្នែកលើសដើម។ ចំណែកអ្នកខ្លះវិញ ខ្លួនឯងចាញ់បោកគេហើយ នៅអូសបងប្អូន សាច់ញាតិ មិត្តភក្តិឱ្យចាញ់បោកគេទៀត។ នេះពិតជាគ្រោះថ្នាក់មែនទែន។

អ្នកឧកញ៉ាបានផ្តាំថថា “អ៊ីចឹង បើក្មួយៗមិនចង់ខូចអនាគតទេ សូមកុំចូលរៀនវគ្គជោគជ័យមួយចំនួនអី ព្រោះភាគច្រើនគេបំផុសបំផុល ឱ្យក្មួយពុះកញ្ជ្រោលស្លឈាម”។ អ្នកឧកញ៉ាបន្ថែមថា “ក្មួយខ្លះ ពេលទៅអង្គុយស្តាប់គេ ក៏បែកគំនិតចង់ជោគជ័យផ្លូវកាត់ ហើយលែងចង់រៀនសូត្រតែម្តង។ នេះនឹងធ្វើឱ្យក្មួយៗ ខូចអនាគតពាក់កណ្តាលទីហើយ”។

កន្លងមក មានអ្នកស្តាយក្រោយមិនតិចទេ ឥឡូវចង់បកក្រោយក៏ហួសពេលដែរ។ ក្មួយត្រូវគិតគូរឱ្យមែនទែន ព្រោះអ្នកបំផុសបំផុលខ្លះ គឺជាមេបោកប្រាស់យ៉ាងស្ទាត់ជំនាញ ប៉ុន្តែមិនមែនថា វគ្គជោគជ័យទាំងអស់សុទ្ធ​តែមិនល្អទេ គ្រាន់តែវាមានតិចតួចបំផុត។ អ្នកឧកញ៉ាបញ្ជាក់។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តថា អ៊ីចឹងក្មួយត្រូវចាំថា លុយក្នុងហោប៉ៅយើង បើយើងមិនឱ្យគេ គ្មានអ្នកណាមកយកបានទេ។ ក្បាលនៅនឹងកយើង បើយើងមិនឱ្យគេជាន់ ក៏គ្មានអ្នកណាគេហ៊ានជាន់ដែរ។ បើក្មួយដើរផ្លូវខុស គឺខុសហើយ។ អ្វីដែលលោកគ្រូនិយាយនេះ គ្រាន់តែចង់បំភ្លឺផ្លូវនេះឱ្យភ្លឺ ដើម្បីកុំឱ្យក្មួយៗមួយចំនួនដើរទៅផុង ដើរទៅជាន់បន្លា ឬក៏ត្រូវខ្លាចាប់ហែកសាច់ស៊ីតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here