ក្រុមហ៊ុន Golden Tree រៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា

0

  ដោយៈ គង់ សូរិយា

      ភ្នំពេញៈក្រុមហ៊ុនGolden Tree ដែលជាក្រុមហ៊ុនអចលនទ្រព្យឈា​នមុខគេមួយនៅកម្ពុជា ដោយផ្តោតលើការផ្តល់សេវាកម្មជួលអគារការរិយាល័យ គ្រប់គ្រង និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បានប្រកាសរៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា (CSX) លើការបោះផ្សាយសញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា។

ក្រុមហ៊ុននេះ បានកៀរគរមូលនិធិប្រមាណ១,៥​ លានដុល្លារអាមេរិក ដោយជោគជ័យ ពីការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងគោលដៅពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែលការបោះផ្សាយនេះ ត្រូវបានគេចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ ជាមួយរដ្ឋាភិបាលនៅក្នុងបេសកកម្ម បង្កផលវិជ្ជ​មានដល់បរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ មករា ឆ្នាំ២០២៣ នៅអគារផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពី លោកបណ្ឌិត​ សុភាចារ្យ ហ៊ាង សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋម  ន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកមម្ពុជា លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម ពីតំណាងសាជីវកម្មអន្តរជាតិ (IFC), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមហ៊ុន Grand Cathay Investment Trust និងតំណាងស្ថាប័នពាក់ពន្ធជាច្រើនទៀតផងដែរ។

លោក អ៊ុំ ដេវីដ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេនទ្រី​បានលើកឡើងថា ការបោះផ្សាយបំណុលបៃតងនេះ នឹងជួយបង្កើនទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិទៅលើធុរកិច្ច របស់ក្រុមហ៊ុនហ្គោ​លដេនទ្រី ហើយក៏ជាការបើកលទ្ធភាពដ៏សំខាន់មួយ ក្នុងការទទួលបាននូវ​ប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ព្រមទាំងចូលរួមបង្កើនសក្តានុពលនៃវិស័យហិរញ្ញវត្ថុនិរន្តរភាពនៅកម្ពុជាផងដែរ​។

លោកថ្លែងថា “យើងជឿជាក់ថាការគាំពារបរិស្ថាន គឺជាកាតព្វកិច្ចដែលត្រូវការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ ឯកជន​ និងសាធារណជន”។ លោកបន្តថា “ការបោះផ្សាយសញ្ញាបណ្ណនេះ គឺជាជំហ៊ានមួយធ្វើ ឱ្យវិនិយោគិនរបស់យើង អាចយល់ដឹងមួយកម្រិតបន្ថែមទៀត ទៅលើការវិនិយោគក្នុងវិស័យមូលបត្រនិរន្តរភាព ដែលពួកគេអាចទទួលបានទាំងផលចំណេញ និងគាំពារបរិស្ថានក្នុងពេលតែមួយ”។

សញ្ញាបណ្ណបៃតងប្រមាណ៦០,០០០ សញ្ញាបណ្ណរបស់ក្រុមហ៊ុន   ហ្គោលដេនទ្រី ត្រូវបានបោះផ្សាយលក់ទៅ​ដល់សាធារណជន ដោយក្នុងមួយសញ្ញាបណ្ណ ឬមួយឯកតា មានតម្លៃ១០ម៉ឺនរៀល (២៥ដុល្លារអាមេរិក)។

សញ្ញាបណ្ណបៃតងនេះគឺមានរយៈពេល​៥ឆ្នាំ ដោយមានអត្រាការប្រាក់​ ៧ ភាគរយក្នុងមួយឆ្នាំ ហើយការប្រាក់នឹងត្រូវទូទាត់នៅរៀងរាល់ប្រចាំឆមាស។ ក្រុមហ៊ុន SBI Royal Securities Plc និងក្រុមហ៊ុនCambodia Securities Plc ត្រូវបានជ្រើសយកជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានា​ទិញមូលបត្រសម្រាប់ការបោះផ្សាយនេះ។​

អគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ មានប្រសាសន៍ថា ការបោះផ្សាយ​សញ្ញា​បណ្ណ​បៃតង ​នឹង​ធ្វើ​ឡើង​ដូច​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​ធម្មតា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​គឺ​ទាមទារឱ្យមានការ​អនុលោ​ម​គោរព​លើ​ការវិនិយោគ​ ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​ការប៉ះពាល់​អាកា​សធាតុ​។

លោក​ថ្លែង​ថា “ការបោះផ្សាយ និងការចុះបញ្ជីសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុនហ្គោលដេនទ្រីនៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា វិស័យមូលបត្រកំពុងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់បរិស្ថាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។

លោកហុង សុហួរ រហូតមកដល់បច្ចុប្បន្ន មាន១៨ ក្រុមហ៊ុនហើយ ដែលទទួលបានការចុះបញ្ជី នៅលើផ្សារមូលបត្រកម្ពុជា។ ក្នុងនោះមានចំនួន៩ ក្រុមហ៊ុនបានសម្រេចការចុះបញ្ជីជាមូលបត្រកម្មសិទ្ធ និង៩ផ្សេងទៀតចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងអស់នេះ បានប្រមូលទុនពីទីផ្សារមូលបត្រកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៣២៧លានដុល្លារអាមេរិក។

សញ្ញាបណ្ណបៃតង របស់ក្រុមហ៊ុនហ្គោលដេនទ្រី គឺទទួលបានជំនួយបច្ចេកទេសពីធានាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបោះផ្សាយឱ្យស្របតាមស្តង់ដាសញ្ញាបត្របៃតងអាស៊ាន។

លោកដេវីដបានមានប្រសាសន៍ថា ការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ គឺស្របទៅតាមទស្សនៈ​ និងចក្ខុវិស័យប្រកបដោយយុទ្ធសាស្រ្ត​ យូរអង្វែង ដើម្បីក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា ដោយធ្វើអោយបានរឹងមាំ នូវអភិបាលកិច្ចសាជីវកម្ម តម្លាភាពលើប្រព័ន្ធហិរញ្ញវត្ថុ និងយកចិត្តទុកដាក់លើបញ្ហាស្តង់ដា បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ។

លោកបញ្ជាក់ទៀតថា គោលការណ៍ទាំងអស់នេះ នឹងធានាក្រុមហ៊ុនហ្គោដេនទ្រី បាននូវកំណើនធុរកិច្ចប្រកបដោយនិរន្តភាព និងជាកាលានុវត្តន៍ភាព សម្រាប់ក្រុមហ៊ុនធ្វើការសហការជាមួយដៃគូរជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍគម្រោងបៃតងថ្មីៗ ដែលមានចំពោះបរិស្ថាននៅកម្ពុជា។

ជាមួយគ្នានេះ ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះក្រុមហ៊ុនហ្គោលដេនទ្រី ដែលបានសម្រេចនូវការចុះបញ្ជីលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា។

លោកបន្តថា “ការបោះផ្សាយសញ្ញាបណ្ណបៃតង របស់ក្រុមហ៊ុន      ហ្គោ​លដេនទ្រី គឺ​ជាការបោះជំហាន និងផ្តល់គំរូល្អមួយដល់វិស័យឯកជន ក្នុងការចូលរួមជាមួយវិស័យមូលបត្រ ដើម្បីកៀរគរប្រភពទុនពង្រីកអាជីវកម្ម”។​លោកថ្លែងថា៖ “​ទុនដែលប្រមូលបាន ពីការបោះផ្សាយសញ្ញាប  ណ្ណបៃតង​ គឺត្រូវយកទៅអភិវឌ្ឍន៍អាជីវកម្ម ដោយក្រុមអ្នកជំនាញ​នឹងធ្វើការវាយតម្លៃជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្របទៅតាមបទដ្ឋានបៃតង ដែលកត្តានេះគឺជាការរួមចំណែករបស់វិស័យមូលបត្រ ដើម្បីប្រយុទ្ធប្រឆាំងនូវការប្រែប្រួលអាកាសធាតុ”។

កាលពីខែ តុលា ឆ្នាំ២០២២  សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​(IFC)​ ដែល​ជា​ក្រុម​ហ៊ុន ​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ពិភព​លោក ​បាន​ទទួល​ស្គាល់​អគារ​ការិ​យាល័យ ​VTrust​ Tower​ គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនហ្គោលដេន  ទ្រី​ សម្រាប់​អគារ​ការិ​យាល័យពាណិជ្ជ​កម្ម​បៃតង​ដំបូងគេ ក្នុង​ប្រទេស​កម្ពុជាតាមប្រព័ន្ធ​Edge ​ដែល​ជា​ប្រព័ន្ធ​ផ្តល់​វិញ្ញា​បនបត្រ​អគារ​បៃតង​មួយ​ដែល​មាន​ការ​​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ការទទួលស្គាល់នេះ គឺដោយសារអគារ VTrust​ Tower សម្រេចការសន្សំប្រើប្រាស់ទឹកបាន52% ការសន្សំថាម​ពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែកដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។

ឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព កំពុងត្រូវបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីស្ថាប័នអន្តរជាតិធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោក ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការលើកទឹកចិត្ត និងជំរុញវិស័យឯកជននានា តាមរយៈការកៀរ​គរទុនសម្រាប់ដំណើរការអាជីវកម្ម ឬគម្រោងវិនិយោគណា ដែលហុចផលវិជ្ជមានដល់បរិស្ថាន និងការរួមចំណែ​កអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here