ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានចំនួនរោងចក្រ សហគ្រាកំពុងបើកដំណើរការ ចំនួន១៩៨២ និងមានទុនវិនិយោគសរុប១៦,៦៩០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានបង្ហាញឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បើចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន១៨៦រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។
ចំណែករោងចក្របិទទ្វារ មានចំនួន៨៣រោងចក្រ ក្នុងឆ្នាំ២០២២ ដែលការបិទទ្វារនេះ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ។

ក្រសួងឧស្សាហកម្មបានបញ្ជាក់ទៀតថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន១៦,៦៩០ លានដុល្លារ កើនឡើងពី១៣,៨១១ លានដុល្លារក្នុងឆ្នាំ២០២១។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ លោកហេង សុខគង់ បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគនៅកម្ពុជា។
លោកបន្តថា “កម្ពុជាអាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ១៩ ដែលធ្វើឱ្យយើងមានលទ្ធភាព បើកសង្គមសេដ្ឋកិច្ច បានល្អប្រសើរ”៕







