ដោយៈ សុខុម
ញូវយ៉ក: រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឈានដល់ពិដានបំណុល (Debt ceiling) ខ្ចីបន្ថែមទៀតលែងបាន ហើយស្ថានភាពនេះ គឺជាក្ដីបារម្ភមួយទៀតរបស់បណ្ដាវិនិយោគិន សម្រាប់ទីផ្សារក្នុងឆ្នាំ២០២៣នេះ។

សហរដ្ឋអាមេរិក បានឈានដល់កម្រិតកំណត់ នៃការខ្ចីបុលរបស់ខ្លួនក្នុងចំនួន៣១,៤ទ្រីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ដោយបង្ខំឱ្យក្រសួងរតនាគារ ដាក់ចេញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រងសាច់ប្រាក់ ដែលទំនងជាទប់ស្កាត់ ការខកខានសងបំណុលរហូតដល់ដើមខែមិថុនា។

ការឈានដល់ពិដានបំណុលនេះកើតឡើង ស្របពេលមានការប្រឈមមុខដាក់គ្នា រវាងសភាជាន់ទាបដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ និងក្រុមប្រជាធិបតេយ្យរបស់ប្រធានាធិបតី ចូ បៃឌិន ដែលអាចឈានទៅដល់វិបត្តិសារពើពន្ធនៅប៉ុន្មានខែខាងមុខ។
វិនិយោគិនមួយចំនួនព្រួយបារម្ភថា សំឡេងភាគច្រើនដែលលើសខ្វះគ្នាដ៏តិចតួច របស់គណបក្សសាធារណរដ្ឋ នៅក្នុងសភាជាន់ទាប អាចធ្វើឱ្យកាន់តែពិបាក ឈានទៅដល់ការសម្របសម្រួលក្នុងពេលនេះ។
*តើអ្វីទៅជាពិដានបំណុល ឬ Debt ceiling?
ពិដានបំណុលគឺជាចំនួនអតិបរមា ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចខ្ចីបាន ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ហើយនៅពេលឈានដល់ពិដាន ក្រសួងរតនាគារមិនអាចចេញសេចក្ដីព្រាថវិកា បោះផ្សាយមូលបត្របំណុល ឬធនបត្រ (ក្រដាសប្រាក់) បន្ថែមទៀតបានឡើយ។
ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលអាមេរិក អាចត្រឹមតែទូទាត់វិក្កយបត្រចំណាយ តាមរយៈចំណូលពន្ធប៉ុណ្ណោះ។ បច្ចុប្បន្ន ពិដានបំណុលរបស់សហរដ្ឋអាមេរិក គឺស្មើនឹងប្រមាណ១២០% នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះ៕ Reuters៕







