ប្រធានាធិបតីកូរ៉េប្តេជ្ញាធ្វើកំណែទម្រង់ទីផ្សារការងារដើម្បីទាក់ទាញ លំហូរFDI

0

ដោយ: គង់ លាងហួរ

ក្រុងដាវ៉ូស: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានស្នើដល់នាយកប្រតិបត្តិ នៃក្រុមហ៊ុនឈានមុខគេលើពិភពលោក រួមមាន IBM Qualcomm Intel និង Blackstone មកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

លោក Yoon បានធ្វើសំណើនេះ ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ជាមួ យនាយកប្រតិបត្តិ នៃក្រុមហ៊ុនពិភពលោកចំនួន១៥រូប និងប្រធានអាជីវកម្មកូរ៉េធំៗចំនួន៦ នៅឯសណ្ឋាគារមួយក្នុងទីក្រុងDavos ប្រទេសស្វីស ជាកន្លែង ដែលពួកគេបានចែករំលែកមតិគ្នា លើខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាព និងការផ្លាស់ប្តូរឌីជីថល។

លោក Yoon បានជំរុញឱ្យក្រុមថ្នាក់ដឹកនាំ លើពិភពលោករួបរួមគ្នាដើម្បីជួសជុលខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាអាកាសធាតុនៅវេទិកា Davos ផងដែរ។

ពិធីជប់លៀងអាហារថ្ងៃត្រង់ ត្រូវបានរៀបចំឡើងជាផ្នែកមួយ នៃការ  ប្តេជ្ញាចិត្តរបស់លោកYoon ក្នុងការប្រើប្រាស់ដំណើរចេញ ក្រៅប្រទេសរបស់លោកជាឱកាសមួយ ដើម្បីជួយដល់គោលដៅនាំចេញរបស់ក្រុមហ៊ុនកូរ៉េនានា និងទាក់ទាញការវិនិយោគពីបរទេស។

លោក Yoon បានមានប្រសាសន៍ថា ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញ ដែលយើងកំពុងប្រឈមមុខ នាពេលសព្វថ្ងៃនេះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងក្រុមហ៊ុននានាគឺមានសារៈសំខាន់ណាស់។

លោកបានបន្តថា “ខណៈពេលដែលក្រុមហ៊ុននានា កំពុងស្វែងរកកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីដោះស្រា យបញ្ហាសកលលោក រដ្ឋាភិបាលក៏គួរតែជួយដល់ពួកគេ តាមរយៈការធ្វើឱ្យទីផ្សារ​ដំណើរការ​ដោយ​យុត្តិធម៌ និង​មាន​ប្រសិទ្ធភាព”។

លោក Yoon ក៏បានកត់សម្គាល់ផងដែរថា គោលនយោបាយរបស់រដ្ឋបាលរបស់លោក គឺមានគោលបំណងអនុញ្ញាតឱ្យវិស័យឯកជន ដឹកនាំកំណើនសេដ្ឋកិច្ច ដោយសារប្រទេសកូរ៉េខាងត្បូង មានបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតកំពូល សមត្ថភាពឧស្សាហកម្ម និងកម្លាំងពលកម្មដ៏មានទេពកោសល្យ។

ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ លោក Yoon ត្រូវបានគេរាយការណ៍ថា លោកបានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកូរ៉េ ក្នុងការធ្វើកំណែទម្រង់ទីផ្សារការងារដ៏តឹងរឹងរបស់ខ្លួន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលត្រូវបានលើកឡើងជាញឹកញាប់បំផុត និងបានធ្វើឱ្យក្រុមហ៊ុនបរទេសស្ទាក់ស្ទើរ ក្នុងការបោះទុនវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here