ដោយ៖ សុថារី
មណ្ឌលគិរី៖ ក្រុមហ៊ុនចិញ្វឹមគោយកទឹកដោះ MOMO FARM បានបង្ហាញពីគម្រោងនៃការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួនចំនួន១ម៉ឺនហិចតា នៅក្នុងខេត្តមណ្ឌលគិរី។
ក្នុងជំនួបនេះ រវាងលោករដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមហ៊ុននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ ចំពោះការចង់ពង្រីកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន MOMO FARM។
-->

លោក ឌិត ទីណា បានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។ លោករដ្ឋមន្ដ្រីផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។
ក្រសួងនឹងជួយសម្របសម្រួល ជំរុញការពង្រីកផលិតកម្មគោយកទឹកដោះនេះ ព្រោះបរិមាណគោយកទឹកដោះទូទាំងប្រទេសមានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។ ក្រុមហ៊ុនត្រូវការដីបន្ថែមប្រមាណ១ម៉ឺនហិចតានៅមណ្ឌលគិរី សម្រាប់ដំណើរការផលិតកម្មនេះ៕
