ដោយៈ សុផារី
បាត់ដំបងៈ ក្រុមហ៊ុន Shop Shindou Shigeharu Limited Company បានបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងការបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ។
លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបក្រុមហ៊ុន Shop Shindou Shigeharu Limited Company ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដើម្បីពិភាក្សាការងារអំពីគម្រោងដែលក្រុមហ៊ុនShop Shindou Shigeharu Limited Company មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។
ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តមួយរបស់ចិន ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្ត ហើយក្នុងនោះក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម។

ក្នុងនោះ លោក សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណង ក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។
លោកបានមានប្រសាសន៍ថា រដ្ឋបាលខេត្តរងចាំការសហការជានិច្ច ព្រោះនេះ ក៏ជាគោលបំណងរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ៕







