ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកOlivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៤ និងថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខ។
ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសបារាំងនិងកម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី២០ខែមករានេះ។
អមដំណើរដោយគណៈប្រតិភូធុរជន ដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក អូលីវេ្យ បិច នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្រ្តីប្រតិភូនឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន៥០០០នាក់ ដែលកំពង់រស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។

សេចក្តីប្រកាសពត៌មានដដែលនេះបានឱ្យដឹងថា លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ លោកអូលីវេ្យ បិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។ នៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។
អាស៊ីអាគ្នេយ៍គឺជាតំបន់សំខាន់មួយ នៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះ គឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោក បើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ាន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕






