ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការប្រេងសកលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងឆ្នាំ២០២៣នេះ ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សរបស់ប្រទេសចិន។
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួនថា តម្រូវការប្រេងអាចកើនឡើង១,៩លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីឈានដល់កំណត់ត្រា១០១,៧លានបារ៉ែលក្នុងមួយថ្ងៃ។
ទីភ្នាក់ងារIEAបានបន្តថា “ប្រទេសចិននឹងជំរុញឱ្យមានកំណើន តម្រូវការប្រេងសកលជិតពាក់កណ្តាល ទោះបីជារូបរាង និងល្បឿននៃការបើកដំណើរការប្រទេសឡើងវិញ នៅតែមានភាពមិនប្រាកដប្រជាយ៉ាងណាក្តី។
ទីក្រុងប៉េកាំងបានចាប់ផ្តើមលុបចោល គោលនយោបាយសូន្យកូវីដនៅក្នុងខែធ្នូ ដោយត្រួសត្រាយផ្លូវសម្រាប់ការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរ ពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មនៅទូទាំងប្រទេស។
IEA បានអះអាងថា ការស្ទុះងើបឡើងវិញ នៃតម្រូវការរបស់ចិនអាចនាំឱ្យទីផ្សារប្រេងពិភពលោកកាន់តែតឹងតែង នៅពេលដែលផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច លើប្រេងរុស្ស៊ីចាប់ផ្តើមជះផលមិនល្អ។
ទំហំនៃការនាំចេញប្រេងពីប្រទេសរុស្ស៊ី បានធ្លាក់ចុះ២០០.០០០បារ៉ែលជាមធ្យមក្នុងមួយថ្ងៃ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់បម្រាម លើការនាំចូលប្រេងឆៅរបស់ទីក្រុងម៉ូស្គូ ហើយក្រុមប្រទេស G7 បានកំណត់តម្លៃប្រេងរបស់រុស្ស៊ី៕







