លិខិតឆ្លងដែន៣ប្រទេសនៅអាស៊ីជាប់ជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

0

សុខុម

អន្តរជាតិ: វាជាមោទកភាពដែលលិខិតឆ្លងដែន៣ប្រទេសក្នុងតំបន់អាស៊ី ក្លាយជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០២៣ ដែលអ្នកកាន់លិខិតឆ្លងដែនទាំងនោះអាចធ្វើដំណើរទូទាំងពិភពលោក ដោយសេរីកាន់តែងាយស្រួល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីដើមខែមករា។

របាយការណ៍ប្រចាំត្រីមាសថ្មីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកសញ្ជាតិ និងស្នាក់នៅសកល Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បង្ហាញថា លិខិតឆ្លងដែនជប៉ុន ជាប់ចំណាត់ថ្នាក់លេខ១ ខណៈលិខិតឆ្លងដែនសិង្ហបុរី និងកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ២។

ប្រភពដដែលបង្ហាញថា ពលរដ្ឋជប៉ុន អាចធ្វើដំណើរទៅកាន់១៩៣ប្រទេសទូទាំងពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ ឬ ត្រូវបានតម្រូវឱ្យធ្វើទិដ្ឋាការនៅគោលដៅឆ្លងដែនដោយផ្ទាល់ ខណៈអ្នកកាន់លិខិតឆ្លងដែនសិង្ហបុរី និងកូរ៉េខខាងត្បូង អាចទៅលេង១៩២ប្រទេសដោយសេរី។

ដោយសារពេលនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងបើកចំហក្រោយសម័យកូវីដ ពលរដ្ឋនៅក្នុងតំបន់នេះនឹងអាចធ្វើដំណើរដោយសេរី និងកាន់តែងាយស្រួល។

យោងតាមរបាយការណ៍ចុងក្រោយចេញដោយសន្ទស្សន៍លិខិតឆ្លងដែន Henley ឬ Henley Passport Index ដោយផ្អែកលើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវតាមអាកាសអន្តរជាតិ (IATA) បង្ហាញថា ការធ្វើដំណើរជាសកលនៅពេលនេះ គឺមានប្រមាណ៧៥%បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩។

ទន្ទឹមនេះ ចំណាត់ថ្នាក់លេខ៣ បានទៅលើលិខិតឆ្លងដែនអាល្លឺម៉ង់ និងអេស្ប៉ាញ លេខ៤ បានទៅលើលិខិតឆ្លងដែនហ្វាំងឡង់ អ៊ីតាលី និងលុចសំបួរ លេខ៥ បានទៅលើលិខិតឆ្លងដែនអូទ្រីស ដាណឺម៉ាក ហូឡង់ និងស៊ុយអែត ខណៈចំណាត់ថ្នាក់លេខ៦ បានទៅលើលិខិតឆ្លងដែនបារាំង អៀរឡង់ ព័រទុយហ្គាល់ និងអង់គ្លេស។

ចំណែកឯចំណាត់ថ្នាក់លេខ៧ បានទៅលើលិខិតឆ្លងដែននូវែលសេឡង់ សហរដ្ឋអាមេរិក បែលហ្ស៊ិក ន័រវែស ស្វីស និងសាធារណរដ្ឋឆេក៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here