ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រេង PTT Exploration and Production Plc (PTTEP) គ្រោងវិនិយោគលើទីតាំងប្រេងថ្មី ជាមួយនឹងផែនការចុងក្រោយបំផុត ក្នុងការលក់តំបន់ឧស្ម័ន Cash Maple ក្នុងប្រទេសអូស្ត្រាលី។
ចំណាត់ការនេះនឹងធ្វើឱ្យក្រុមហ៊ុន PTTEP នៅសេសសល់អាជីវកម្មប្រេងឥន្ធនៈតូចៗមួយចំនួននៅក្នុងប្រទេសអូស្ត្រាលី។

លោក Montri Rawanchaikul នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTTEP បានមានប្រសាសន៍ថា “ក្រុមហ៊ុនរំពឹងថានឹងលក់ទ្រព្យសកម្មនេះនៅឆ្នាំ២០២៣ បន្ទាប់ពីបានប្រកាសកាលពីប៉ុន្មានឆ្នាំមុន”។
តំបន់ឧស្ម័ន Cash Maple ស្ថិតនៅចម្ងាយ៦៨០គីឡូម៉ែត្រភាគខាងលិចទីក្រុង Darwin ក្នុងសមុទ្រ Timor និងមានធនធានប្រេងប្រមាណ៣,៥ពាន់ពាន់លានហ្វីតគូប។
លោក Montri បានមានប្រសាសន៍បន្តថា “តំបន់នេះនៅឆ្ងាយពេក ហើយតម្លៃផលិតកម្មនឹងហក់ឡើងខ្ពស់ ដោយសារការសាងសង់បំពង់បង្ហូរឧស្ម័ន។ ប្រសិនបើយើងងាកមកផលិតឧស្ម័នធម្មជាតិរាវ អាជីវកម្មនឹងមិនអាចដំណើរការបានទេ ព្រោះតម្លៃសម្ភារៈប្រើប្រាស់ខ្ពស់ពេក”។
ការលក់តំបន់ឧស្ម័ន Cash Maple គឺស្របតាមផែនការរបស់ក្រុមហ៊ុន PTTEP ដើម្បីដឹកនាំការវិនិយោគរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបានលក់តំបន់ប្រេង Montara ក្នុងប្រទេសអូស្ត្រាលីទៅឱ្យក្រុមហ៊ុន Jadestone Energy (Eagle) Pty។ នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត ក្រុមហ៊ុន PTTEP បានសម្រេចចិត្តពន្យារពេលការអភិវឌ្ឍន៍គម្រោងរួមបញ្ចូលគ្នា រវាងឧស្ម័នទៅថាមពល ដើម្បីបង្កើតអគ្គិសនីនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ក្រុមហ៊ុន PTTEP គ្រោងនឹងបន្តការផលិតឧស្ម័ន ដែលមានស្រាប់ នៅក្នុងប្រទេសនេះ ទោះបីជាបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្តី៕







