ដោយ: គង់ លាងហួរ
ក្រុងញូវដែលីៈ ក្រុមហ៊ុន Apple Inc គ្រោងបង្កើតចំណែកផលិតកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌារហូតដល់ទៅ២៥ ភាគរយនៃផលិតកម្មសរុបរបស់ខ្លួន។
តួលេខនេះនឹងបង្ហាញពីការកើនឡើងនៃផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌាពីប្រហែល៥ភាគរយដល់៧ភាគរយ នាពេលបច្ចុប្បន្ននេះ ខណៈដែលក្រុមហ៊ុនផលិត iPhone បន្តផ្លាស់ទីផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន។
លោក Piyush Goyal រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ថា “ក្រុមហ៊ុន Apple ជារឿងជោគជ័យមួយទៀត ដែលជំរុញប្រទេសឥណ្ឌាក្នុងនាមជាទិសដៅផលិតដែលមានការប្រកួតប្រជែង”។
លោកបានបន្តថា “ក្រុមហ៊ុននេះមានផលិតកម្មប្រហែលពី៥ទៅ៧ភាគរយនៅក្នុងប្រទេសឥណ្ឌារួចស្រេចទៅហើយ បើខ្ញុំមិនច្រឡំទេ ពួកគេកំពុងកំណត់គោលដៅផលិតរហូតដល់២៥ភាគរយ ហើយពួកគេបានចេញលក់ម៉ូដែលថ្មីៗបំផុតពីប្រទេសឥណ្ឌាផងដែរ”។

លោក Goyal មិនបានបញ្ជាក់ថា ក្រុមហ៊ុន Apple ចង់សម្រេចគោលដៅនៅពេលណានោះទេ ហើយក្រុមហ៊ុននេះក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។
ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានដាក់ការភ្នាល់ដ៏ធំលើប្រទេសឥណ្ឌា ចាប់តាំងពីបានចាប់ផ្តើមដំឡើង ទូរសព្ទដៃ iPhone នៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុន Wistron និងក្រោយមកជាមួយក្រុមហ៊ុន Foxconn ស្របតាមការជំរុញរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការផលិតក្នុងស្រុក។
ប្រភពជាច្រើនបានបញ្ជាក់នៅចុងឆ្នាំ២០២២ថា ក្រុមហ៊ុន Foxconn គ្រោងនឹងបង្កើនកម្លាំងពលកម្មចំនួន៤ដងនៅរោងចក្រ iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលពីរឆ្នាំខាងមុខ។
លោក Ashwini Vaishnaw រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា “ការនាំចេញរបស់ក្រុមហ៊ុន Apple ពីប្រទេសឥណ្ឌា បានកើនឡើងដល់១ពាន់លានដុល្លារនៅក្នុងខែធ្នូ ឆ្នាំ២០២២”។

ការបិទ និងការរឹតបន្តឹងជំងឺកូវីដ-១៩របស់ប្រទេសចិន និងការកើនឡើងនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានជះឥទ្ធិពលដល់ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការផ្លាស់ប្តូរផលិតកម្មទៅទីតាំងផ្សេងទៀត។
ក្រុមអ្នកវិភាគប្រចាំនៅក្រុមហ៊ុន J.P.Morgan បានព្យាករណ៍កាលពីឆ្នាំ២០២២ថា “១ភាគ៤នៃផលិតផល Apple ទាំងអស់នឹងត្រូវបានផលិតនៅខាងក្រៅប្រទេសចិននៅឆ្នាំ២០២៥ ពីត្រឹមតែ៥ភាគរយនាពេលបច្ចុប្បន្ន”៕







