ដោយ: គង់ លាងហួរ
ក្រុងរីយ៉ាដៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង NEOM ដែលមានទំហំទឹកប្រាក់៥០០ពាន់លានដុល្លារអារ៉ាប៊ីសាអូឌីត ត្រូវបានបញ្ចប់ជិត២០ភាគរយហើយ។ នេះបើយោងតាមមន្ត្រីកំពូលមួយរូប។
លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ទីក្រុង NEOM បានមានប្រសាសន៍ថា ការងារកំពុងរីកចម្រើន នៅក្នុងទីក្រុងអនាគតនេះដូចតាមកាលវិភាគ។
គម្រោងនេះត្រូវបានកំណត់ ដើម្បីដំណើរការលើថាមពលកកើតឡើងវិញ១០០ភាគរយ នៅពេលបញ្ចប់ ហើយនឹងគ្របដណ្តប់លើគម្រោងមេហ្គាមួយចំនួន។

ដើម្បីបង្ហាញពីស្នាដៃនេះ ទីក្រុង NEOM បានចេញផ្សាយវីដេអូមួយ កាលពីដើមសប្តាហ៍នេះ ដែលបង្ហាញពីការវិវឌ្ឍយ៉ាងឆាប់រហ័ស ដែលកំពុងត្រូវបានបង្កើតឡើង នៅលើគម្រោងនេះ។
វីដេអូនេះរួមបញ្ចូលរូបភាពពិភពពិត នៃសំណង់ទ្រង់ទ្រាយធំនៅទូទាំងតំបន់ NEOM ដែលរួមមានគម្រោង The Line គម្រោង Trojena គម្រោង OXAGON និងគម្រោងអភិវឌ្ឍន៍កោះប្រណីត Sindalah។

ព្រះអង្គម្ចាស់ Mohammed bin Salman បានបើកដំណើរការគម្រោងកោះ Sindalah ដែលនឹងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៨៤០.០០០ ម៉ែត្រការ៉េ ហើយកោះនេះនឹងដើរតួជាច្រកទ្វារសំខាន់ទៅកាន់សមុទ្រក្រហម សម្រាប់ភ្ញៀវទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២៤។
នៅក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Arab លោក Peter Fitzhardinge ប្រធានផ្នែកទីផ្សារទេសចរណ៍នៅ NEOM បានមានប្រសាសន៍ថា ហ្គេមរដូវរងាអាស៊ីឆ្នាំ២០២៩ នៅគម្រោង Trojena នឹងបង្ហាញពីរបៀបដែលទីក្រុង NEOM នឹងប្រើប្រាស់ការច្នៃប្រឌិត ដើម្បីអនុវត្តព្រឹត្តិការណ៍នេះប្រកបដោយភាពម៉ត់ចត់៕







