ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងទាក់ទាញលំហូរវិនិយោគថ្មី ក្នុងវិស័យឧស្សាហកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី។
លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានផ្តល់ឱ្យកម្ពុជា នូវលទ្ធភាពទទួលបានទីផ្សារធំជាងមុន”។

លោកបានបន្តថា ទោះបីជាមានវិបត្តិពិភពលោក សង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុយ៉ាងណាក្តី ប៉ុន្តែកម្ពុជាមានភាពទាក់ទាញ និងសក្តានុពលសម្រាប់ការវិនិយោគ ដោយសារតែកម្ពុជាគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នូវវិបត្តិសុខភាពសាធារណៈ បានល្អជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ យើងមានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងបន្តទាក់ទាញ ការវិនិយោគបន្ថែមទៀត ពីព្រោះកម្ពុជាមានសន្តិភាព រួមជាមួយការគ្រប់គ្រងកាន់តែប្រសើរឡើង នៃវិបត្តិកូវីដ ដែលនាំទៅដល់ ការបន្តសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញយ៉ាងពេញលេញ។
កម្ពុជាបានចុះបញ្ជីរោងចក្រថ្មីចំនួន១៨៦ ក្នុងឆ្នាំ២០២២ ដែលនាំឱ្យចំនួនរោងចក្រសកម្មសរុ បក្នុងប្រទេសនេះកើនឡើងដល់១.៩៨២ ដែលមានតម្លៃទុនវិនិយោគសរុប១៦,៦៩ពាន់លានដុល្លារ កើនឡើងពី១៣,៨១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលផ្តល់នូវការលើកទឹកចិត្ត និងការការពារជាក់លាក់ ដល់វិនិយោគិន ដើម្បីទាក់ទាញលំហូរវិនិយោគ កាន់តែច្រើនមកកាន់ប្រទេសនេះ៕







