ដោយ៖ សុផារី
ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បំណុលសាធារណៈរបស់កម្ពុជាស្ថិតនៅក្នុងកម្រិតទាប ដែលមិនចោទជាបញ្ហាឡើយ ដោយកម្ពុជាមានបំណុលសាធារណៈតិចជាងគេបង្អស់ បន្ទាប់ពីប្រទេសប្រុយណេ ដែលជាប្រទេសមិនមានខ្ចីបំណុលពីបរទេសឡើយ។

គិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន៩.៩៧២,៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស៩.៩៥៥,០៨លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលមានជិត២០លានដុល្លារ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា “បំណុលសាធារណៈរបស់កម្ពុជាស្ថិតនៅក្នុងកម្រិតទាប ដែលមិនចោទជាបញ្ហាឡើយ ដោយស្ថិតនៅ ៣០ ភាគរយ នៃ GDP សរុបរបស់ប្រទេសកម្ពុជា ហើយជាបំណុលសាធារណៈ។ ចំណែកបំណុលឯកជនក៏មានខ្លះដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ ត្រូវបានសងចេញទៅវិញច្រើនហើយ”។
លោកឱ្យដឹងថា “ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជានៅតិចជាងគេទាំងអស់ នៅអាស៊ាននេះបំណុលសាធារណៈរបស់យើង តិចជាងគេ បន្ទាប់ពីប្រុយណេ ព្រោះប្រុយណេ អត់មានខ្ចីលុយគេចាយទេ ប៉ុន្តែដកប្រុយណេចេញ ខ្មែរបំណុលទាបជាងគេទាំងអស់”។
លោកបន្តថា “បំណុលសម្រាប់ពលរដ្ឋម្នាក់ៗក៏ទាបដែរ ប្រជាជនយើងម្នាក់ជំពាក់ប្រមាណ ៦០០ដុល្លារ តែសម្រាប់អាមេរិកវិញ បំណុលអាមេរិកមានជាង១២០% នៃ GDP ហើយប្រជាជនម្នាក់ៗជំពាក់ប៉ុន្មាន ជិត១សែនដុល្លារម្នាក់”៕






