ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោនៈ យោងតាមប្រភពដែលដឹងអំពីបញ្ហាបានឱ្យដឹង កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ថា សហរដ្ឋអាមេរិកបានកំណត់ថា ក្រុមហ៊ុនចិនមួយចំនួនកំពុងផ្តល់ជំនួយ ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយក្រុមមន្ត្រីកំពុងកត់សម្គាល់ ពីការព្រួយបារម្ភរបស់ពួកគេចំពោះរដ្ឋាភិបាលចិន។
យោងតាមប្រភពដែលបានទម្លាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា “អ្វីដែលយើងកំពុងមើលឃើញ គឺជំនួយផ្នែកយោធាដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត និងជំនួយសេដ្ឋកិច្ច”។
ប្រភពនោះមិនបានបញ្ជាក់លម្អិតទេ ហើយសារពត៌មានReuters ក៏មិនអាចផ្ទៀងផ្ទាត់បញ្ហានេះ ដោយឯករាជ្យបាននោះដែរ។

សហរដ្ឋអាមេរិកធ្លាប់បានព្រមានរដ្ឋាភិបាលចិន អំពីផលវិបាក ប្រសិនបើចិន ផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។
ប្រភពដដែលបានបន្តថា “វាមិនច្បាស់ថាតើរដ្ឋាភិបាលចិន បានដឹងពីសកម្មភាពនេះឬយ៉ាងណាទេ ហើយមន្ត្រីអាមេរិកកំពុងទាក់ទង ទៅអាជ្ញាធរចិន តាមរយៈបណ្តាញការទូតផងដែរ”។
អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Karine Jean-Pierre បានមានប្រសាសន៍ថា “យើងនឹងបន្តទំនាក់ទំនង ទៅកាន់ប្រទេសចិនអំពីផលប៉ះពាល់ នៃការផ្តល់ជំនួយជាសម្ភារៈ ដល់សង្រ្គាមរបស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានមានប្រសាសន៍ថា “ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីភាពច្បាស់លាស់ជាមួយប្រទេសចិន អំពីផលប៉ះពាល់នៃការផ្តល់សម្ភារៈ ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទោះបីជាលោកបានបដិសេធ មិនបញ្ជាក់របាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះក្តី”។
លោក Ned Price បានបន្ថែមថា “នេះអាចជាអ្វី ដែលនឹងត្រូវលើកយកមកពិភាក្សាគ្នា នៅប៉ុន្មានថ្ងៃខាងមុខ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken មានឱកាសធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង”៕







