រដ្ឋាភិបាលថៃគ្រោងអនុម័តថវិកាចំនួន៤៥៩លានដុល្លារដើម្បីសាងសង់នាវាចម្បាំងថ្មី

0

ដោយ: គង់ លាងហួរ
បាងកក: កងនាវាចរថៃបានស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រីលើថវិកាប្រមាណ៤៥៩,០៧លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីផ្តល់មូលនិធិដល់ផែនការរបស់ខ្លួន ក្នុងការសាងសង់នាវាចម្បាំងថ្មីមួយ។

យោងតាមប្រភពមួយបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថាគណៈរដ្ឋមន្ត្រីបានយល់ព្រមជាគោលការណ៍រួចទៅហើយ។

សំណើនេះត្រូវបានធ្វើឡើងតាមរយៈក្រសួងការពារជាតិនៅក្នុងផែនការថវិកាដែលបានស្នើឡើងសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ហើយសំណើនេះក៏ត្រូវបានពិនិត្យជាលើកដំបូងដោយគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ក្នុងសប្តាហ៍នេះផងដែរ។

លើសពីនេះ ការទូទាត់លើកដំបូង ដែលបានស្នើសុំឡើង ក្នុងឆ្នាំសារពើពន្ធ២០២៤ មានចំនួន១,៧ពាន់លានបាត។

ចំណែក ក្រុមហ៊ុនសាងសង់កប៉ាល់នៅប្រទេសកូរ៉េខាងត្បូង អេស្បាញ រុស្សី និងបារាំង បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេលើគម្រោងសាងសង់នាវាចម្បាំងរបស់ប្រទេសថៃនេះផងដែរ។

រីឯ ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសនឹងត្រូវផ្ទេរចំណេះដឹងទៅឱ្យកងទ័ពជើងទឹកថៃផងដែរ។

នាវាចម្បាំង ដែលបានគ្រោងទុកនេះគឺជានាវាទី២ហើយ ដែលកងទ័ពជើងទឹករបស់ប្រទេសថៃបានទទួលការយល់ព្រម។

នាវាចម្បាំងទី១មានឈ្មោះថា HTMS Bhumibol Adulyadej ហើយវាត្រូវបានសាងសង់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងត្រូវបានប្រគល់មកកាន់ប្រទេសថៃ កាលពីឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here