លោកស៊ុន ចាន់ថុលៈប្រសិនជាការជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់ខេត្តកំពតបានជោគជ័យនឹងផ្លាស់ប្តូរជាប្រវត្តិសាស្រ្តលើវិស័យដឹកជញ្ជូន

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងពីសក្តានុពល និងផលប្រយោជន៍នៃការជីកព្រែកតភ្ជាប់រវាងទន្លេរបាសាក់ ទៅកាន់ខេត្តកំពត ប្រាប់ឯកអគ្គរដ្ឋទូតថ្មីអង់គ្លេស។

លោកបានមានប្រសាសន៍ក្នុងជំនួបជាមួយលោក Dominic Williams ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជាកាលពីម្សិលម៉ិញនេះថា ក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា “ប្រសិនបើគម្រោងនេះ សម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំង​មូល នៅលើវិស័យដឹកជ្ជូនតាមផ្លូវទឹកផងដែរ”។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងបាន និងកំពុងប្រឹងប្រែងធ្វើការអភិវឌ្ឍ ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលក្រសួងធ្លាប់បានសិក្សា សមិទ្ធិលទ្ធភាពពីមុនមក រួមមាន ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway​) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីបានបន្ថែមថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដែលបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញថា ដើម្បីអភិវឌ្ឍគម្រោងទាំងនេះបាន គឺត្រូវការថវិកាក្នុងទំហំមួយយ៉ាងធំ ដែលពិតជាត្រូវការជំនួយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ហើយកម្ពុជាក៏កំពុងតែក្រឡេកមើលលើប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំង EU Global Gateway ផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

ទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែង ដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ឱ្យមានជំនាញច្បាស់​លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានសម្តែងនូវចំណា​ប់អារម្មណ៍ខ្ពស់ ចំពោះ​គម្រោងនានា ដែលលោកទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន ហើយលោកបានឆ្លៀតយកឱកាសនេះ ក្នុងការគោរពអញ្ជើញ ថ្នាក់ដឹកនាំក្រសួង ដើម្បីចូលរួមក្នុងកម្មវិធី ពិភាក្សាពិគ្រោះយោប​ល់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈMRT ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិក្ខាសាលាអំពី “ការកៀរគរវិស័យឯកជន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតនៃចក្រភពអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ៕

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here