គណៈកម្ម​ការអន្តរក្រសួងជម្រុញការសម្រួលការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមព្រំដែនអន្តរជាតិទូទាំងប្រទេស

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី០១ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

កិច្ចប្រជុំពេញអង្គលើកទី០១នេះ បានផ្តោតលើរបៀបវារៈសំខាន់ៗ មានដូចជា -ការអានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលលេខ ០១ សសរ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង។ -របាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួង។

-របាយការណ៍វឌ្ឍនភាពនៃការសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត។ -ការងារទិដ្ឋាការ (Single Visa) រវាងកម្ពុជា-ម៉ាល់ឌីវ។

លោកថោង ខុន ប្រធានអង្គប្រជុំ បានដាក់ចេញនូវអនុសាសន៍ណែនាំចំនួន៥ចំនុច សម្រាប់គណៈកម្មការអន្តរក្រសួងអនុវត្តបន្ត រួមមាន ១-អនុវត្តតួនាទីភារកិច្ច របស់គណៈកម្មការអន្តរក្រសួងនេះ តាមសេចក្តីសម្រេចដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឲ្យកាន់តែប្រសើរ។ គណៈកម្មការអន្តរក្រសួងនេះ គឺជាយន្តការល្អ និងអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់ ដែលប្រទេសខ្លះនៅអឺរ៉ុប ក៏បានសិក្សាយកគំរូតាមយន្តការអន្តរក្រសួងដែលកម្ពុជាកំពុងអនុវត្តន៍ផងដែរ។

២-យកចិត្តទុកដាក់ដោះស្រាយ ពាក្យបណ្តឹងរបស់ភ្ញៀវទេសចរ ក៏ដូចជាកាត់បន្ថយរបាំងមិនចាំបាច់ លុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ។

៣-បន្តផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពី ដំណើរទេស​ចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ដើម្បីទាក់ទាញភ្ញៀវទេសចរបើកបរដោយខ្លួនឯងពីបណ្តាប្រទេសជិតខាង ជាពិសេសភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកតាមព្រំដែនកម្ពុជា-ឡាវ។

៤-ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ដូចជា អន្តោប្រវេសន៍ គយ និងរដ្ឋាករ និងចត្តាឡីស័ក ដែលត្រូវបម្រើការនៅតាមច្រកទ្វារអន្តរជាតិត្រៀមលក្ខណៈសម្បត្តិ សម្រាប់កំពង់ផែទេសចរណ៍ខេត្តកំពត ដែលនឹងបើកដំណើរឆាប់ៗខាងមុខនេះ។

៥-គណៈកម្មការអន្តរក្រសួង ត្រូវជួបប្រជុំរៀងរាល់ត្រីមាស(៣ខែ) ម្តង ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារចំពោះមុខ ក៏ដូចជាដោះស្រា​យបន្ទាន់បញ្ហាអវិជ្ជមាននានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here