ដំណឹងល្អ ទេសចរជនជាតិចិនជើងទី១បានមកដល់ខេត្តព្រះសីហនុវិញហើយ

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ទីបំផុត ទេសចរចិនបានត្រលប់មកដល់ខេត្តព្រះសីហនុវិញហើយ ដោយអាជ្ញាធរខេត្តព្រះសីហនុបានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលវត្តមានភ្ញៀវទេសចរជនជាតិចិនជើងទី១ ដែលមកមកកំសាន្តនៅលើទឹកដីខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តំណាងក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវទេសចរណ៍ជនជាតិចិន អញ្ជើញមកពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។

អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។

ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។

លោកបានបន្តថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។

លោក ហោ សារុន បានបន្តទៀតថា “បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា  សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ខណៈដែលប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិនជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩   យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។

ទីផ្សារទេសចរណ៍សកល  បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ។ សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា  ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩   ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល  និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស  ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក  ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច  ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here