ការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់ប្រទេសចិនផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិនលើយុទ្ធសាស្ត្រកូវីដ១៩នៅដើមខែមករានេះ គឺជា ផលប្រយោជន៍ដល់ទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា។

លោក វុន ផានិត សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានព្យាករណ៍ថា ភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគិនមួយចំនួនធំនឹងត្រឡប់មកប្រទេសកម្ពុជាឡើងវិញ ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២។

លោកបានបន្តថា “ការវិលត្រលប់មកវិញ នៃភ្ញៀវទេសចរចិន នឹងក្លាយជាអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់ទេសចរណ៍ និងសេដ្ឋកិច្ចរបស់យើង”។

លោកបានចង្អុលបង្ហាញថា “ការត្រឡប់មកវិញរបស់ពួកគេក៏នឹងជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំង២ ឆ្ពោះទៅរកការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាផងដែរ”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតមកកាន់ប្រទេសកម្ពុជា មុនវិបត្តិជំងឺកូវីដ-១៩ ដោយបន្ថែមថា កម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន២,៣៦លាននាក់ ក្នុងឆ្នាំ២០១៩ និងបង្កើតចំណូលបានប្រមាណ១,៨ពាន់លានដុល្លារ។ លើសពីនេះ ប្រទេសចិនក៏ជាប្រភពវិនិយោគិនបរទេសលំដាប់កំពូលនៅកម្ពុជាផងដែរ។

លោក លឹម ឆៃ អ្នកគ្រប់គ្រងកម្មវិធីកិច្ចការបរទេសនៃអង្គការគំនិត Konrad-Adenauer Stiftung Cambodia បានមានប្រសាសន៍ថា ភ្ញៀវទេសចរចិន អ្នកជំនួញ និងវិនិយោគិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកបានបន្តថា “ឱកាសពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺច្បាស់ណាស់ហើយ យើងរំពឹងថា កម្ពុជានឹងស្វាគមន៍លំហូរចូលដ៏ធំនៃភ្ញៀវទេសចរ និងវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជាម្តងទៀត ដូចកាលពីមុនវិបត្តិកូវីដ”។

លោកបញ្ជាក់ថា “ភ្ញៀវទេសចរចិនចូលចិត្តចំណាយប្រាក់ សម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ ដូច្នេះការត្រឡប់មកវិញរបស់ពួកគេនឹងផ្តល់ការជំរុញ ដល់កំណើនទេសចរណ៍របស់យើង”។

លោក ឡុង សុវិទូ អ្នកស្រាវជ្រាវវ័យក្មេងនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកវិញ នៃភ្ញៀវទេសចរចិន បន្ទាប់ពីអវត្តមានរបស់ពួកគេ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោកបានបន្ថែមថា “ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន នឹងជួយដល់កម្ពុជាយ៉ាងខ្លាំង ក្នុងការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ ក្នុងរយៈពេលក្រោយជំងឺរាតត្បាត និងឧស្សាកម្មទេសចរណ៍ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here