ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត១៨លានដុល្លារសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពមីននៅកម្ពុជា

0

ដោយ៖ សុថារី

សៀមរាប៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១៧,៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងសារមន្ទីរ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលក្រុមការងារទីប្រឹក្សាជប៉ុនបានចុះហត្ថលេខា លើការចុះវាយតម្លៃលំអិតអំពីប្លង់នៃគម្រោងទាំងពីរ និងពិនិត្យទីតាំងសាងសង់។

រដ្ឋាភិបាលភិបាលជប៉ុន តាមរយៈJICAបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាពCMACសម្រាប់គម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម ដែលមានទឹកប្រាក់សរុបចំនួន២.៤៥១លានយ៉េន ប្រមាណ១៧,៥លានដុល្លារអាមេរិក។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា សារមន្ទីរសន្ដិភាពសកម្មភាពមីន ដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះ នឹងក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញមតិជាតិ និងអន្ដរជាតិ​ឱ្យកាន់តែយល់ច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការ​បញ្ចប់សង្គ្រាមនៅកម្ពុជា ។

សារមន្ទីរសន្តិភាពសកម្មភាពមីននេះនឹងសាងសង់នៅលើផ្ទៃដី១២ហិចតានៅខេត្តសៀមរាប ដោយប្រើរយ:ពេលសាងសង់៣ឆ្នាំជាជំនួយហិរញ្ញប្បទានឥត​សំណងរបស់រដ្ឋាភិបាលជប៉ុន

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងនៅថ្ងៃទី២៦ មករាថា សារមន្ទីរសន្ដិភាពសកម្មភាពមីននឹងក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញមតិជាតិ និងអន្ដរជាតិឲ្យកាន់តែយល់ច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របសសម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កំសត់នេះ។

លោកបានបន្តថា សារមន្ទីរសន្តិភាព​ នឹងក្លាយជាឃ្លាំងចំណេះដឹង​ និងព័ត៌មាន​ចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជាឆ្លងកាត់សង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ និងស្វែងយល់ព្រមទាំងតំកល់តំលៃសន្តិភាពជាមរតកដ៍មហាសាល។

លោកអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងទៀតថា សារមន្ទីរសន្តិភាពនេះ​ ផ្តោតលើទស្សនសារមន្ទីរស៊ីវិលដូចជា សារមន្ទីរនៅ​ហ៊ីរ៉ូស៊ីម៉ា​ និងអូគីណាវ៉ានៃប្រទេសជប៉ុនអញ្ចឹងដែរ។  ខាងJICA ក៏បានគិតគូរ និងខិតខំកៀរគរអ្នកជំនាញ​មកពីហ៊ីរ៉ូស៊ី​ម៉ា​​និងអូគីណាវ៉ា​ មកសហការគាំទ្រដល់អង្គភាពស៊ីម៉ាក់​ ដើម្បីរៀបចំសារមន្ទីរសន្តិភាព​ឱ្យកាន់តែទំនើបទាំង​ប្រពន្ធ័គ្រប់​គ្រង​ និងសម្ភារបំពាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here