ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Singha Estate ដែលចុះបញ្ជីក្នុងផ្សារហ៊ុន SET បានផ្អាកការអភិវឌ្ឍខុនដូថ្មី ដើម្បីបើកដំណើរការតែលំនៅដ្ឋានតម្លៃសមរម្យ ជាមួយនឹងគម្រោងថ្មីចំនួន៥ តម្លៃសរុបប្រមាណ៣០៤លានដុល្លារ។
លោក Nattavuth Mathayomchan ប្រធានផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន បានមានប្រសាសន៍ថា គម្រោងថ្មីនេះនឹងមានយូនីត តម្លៃចាប់ពី១០ ទៅដល់២០០លានបាត ដោយយ៉ាងហោចណាស់មានគម្រោងចំនួន២ ដែលមានយូនីត តម្លៃចន្លោះពី២០ ទៅ៥០លានបាត និងពី១០ទៅដល់២០លានបាត។
លោកបានបន្តថា “យើងបន្តផ្តោតលើផ្នែកដែលមានតម្លៃខ្ពស់ ដោយសារអំណាចទិញខ្លាំងជាងតម្លៃទាប ស្របពេលមានការកើនឡើងអត្រាការប្រាក់”។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន៨៣០លានបាត ពីការផ្ទេរលំនៅដ្ឋានចំនួន៧យូនីតនៅ Siraninn Residences ដែលជាគម្រោងផ្ទះទោលដ៏ប្រណិតមួយ។ នៅក្នុងចំណោមលំនៅដ្ឋានចំនួន២៨យូនីត ក្នុងនោះលំនៅដ្ឋានចំនួន២៦យូនីតក្រុមហ៊ុនបានលក់ដាច់អស់ហើយ។
គម្រោងថ្មីៗទាំងអស់នៅឆ្នាំនេះនឹងស្ថិតនៅក្នុងទីក្រុងបាងកក ខណៈពេលដែលដីទំហំជាង២ហិកតា នៅទីក្រុង Si Racha កំពុងរង់ចាំការទិញបន្ថែមនៅក្បែរនោះ ដើម្បីអភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះ។
លោក Nattavuth Mathayomchan បានបញ្ជាក់ថា “ទីផ្សារខុនដូបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយភាគច្រើននៃការលក់ដាច់បំផុត គឺយូនីតមានតម្លៃ៣លានបាត និងទាបជាងនេះ ដែលត្រូវបានជំរុញដោយវិធានការអចលនទ្រព្យ”។
