ដោយ: គង់ លាងហួរ
ហ្សាការតា: លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលប្រទេសឥណ្ឌូនេស៊ីបានហក់ឡើង៤៤,២ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។
នៅក្នុងនោះដែរ វិស័យលោហៈ និងរ៉ែមូលដ្ឋានទទួលបានលំហូរវិនិយោគពីបរទេសដ៏ធំបំផុត។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងវិនិយោគបានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៤ ខែមករា។
ប្រទេសឥណ្ឌូនេស៊ីបានទទួលបានលំហូរ FDI ចំនួន៦៥៤,៤ពាន់ពាន់លានរូពៀ កាលពីឆ្នាំ២០២២ ឬស្មើនឹង៤៥,៦ពាន់លានដុល្លារ ក្នុងការគណនាផ្លូវការរបស់ក្រសួង។ ទិន្នន័យនេះមិនរាប់បញ្ចូលការវិនិយោគ ក្នុងវិស័យធនាគារ និងប្រេង និងឧស្ម័ននោះទេ។
ប្រទេសដែលសម្បូរធនធានមួយនេះបាននឹងកំពុងព្យាយាមទាញយកទុនពីទុនបម្រុងនីកែលដ៏ច្រើនរបស់ខ្លួន ដើម្បីអភិវឌ្ឍឧស្សាហកម្មអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេស។
ប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញវត្ថុធាតុដើមនៅឆ្នាំ២០២០ ដើម្បីធ្វើឱ្យប្រាកដថា ក្រុមវិនិយោគិនមានវត្ថុទាំងនោះគ្រប់គ្រាន់ សម្រាប់ដំណើរការក្នុងស្រុក។
លំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងលោហធាតុមូលដ្ឋានបានកើនឡើងដល់១១ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលនេះជាវិស័យទទួលលំហូរវិនិយោគពីបរទេសដ៏ធំបំផុត។

ចំណែកឧស្សាហកម្មរុករករ៉ែបានជាប់ចំណាត់ថ្នាក់លេខ២ ជាមួយលំហូរវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥,១ពាន់លានដុល្លារ។ ប្រភពនៃលំហូរវិនិយោគបរទេសដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី រួមមាន សិង្ហបុរី ចិន និងហុងកុង។
លើសពីនេះ លំហូរវិនិយោគសរុប រួមបញ្ចូលទាំងប្រភពក្នុងស្រុកបានឈានដល់១២០៧,២ពាន់ពាន់លានរូពៀ (ប្រហែល៨១,០២ពាន់លានដុល្លារ) ដែលប្រហាក់ប្រហែលនឹងគោលដៅរបស់រដ្ឋាភិបាល។
លំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២បានកើនឡើង៤៣,៣ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ ដែលស្មើនឹង១៧៥,២ពាន់ពាន់លានរូពៀ ឬ១២,២ពាន់លានដុល្លារ៕