ថៃគ្រោងនឹងចាប់ផ្ដើមសាងសង់ទីក្រុងអាកាសចរណ៍ភាគបូព៌ាតម្លៃជិត៩ពាន់លានដុល្លារ នៅដើមឆ្នាំ២០២៣

0

សុខុម

បាងកក: គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា (East Aviation City) តម្លៃរហូតដល់ទៅ២៩០ពាន់លានបាត (ជាង៨,៨២ពាន់លានដុល្លារអាមេរិក) ដែលចផ្ដោតលើអាកាសយានដ្ឋាន U-Tapao Airport នឹងចាប់ផ្ដើមដំណើរការសាងសង់នៅដើមឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី២៧ ខែមករា ថា គម្រោងនេះនឹងបង្កើតការងារថ្មីប្រមាណ១៥.៦០០កន្លែងបន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំដំបូង និងជំរុញកំណើនក្នុងឧស្សាហកម្មអាកាសចរណ៍នៃប្រទេសនេះ។

ផែនការវិនិយោគនេះគ្រោងនឹងប្រែក្លាយអាកាសយានដ្ឋាន U-Tapao Airport ដែលបន្សល់ពីសម័យសង្គ្រាមវៀតណាម ស្ថិតក្នុងខេត្តរ៉ាក់យ៉ង (Rayong) ទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋដនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា គម្រោងសហការរវាងវិស័យរដ្ឋ និងឯកជនដែលជាចំណុចស្នូលនៃគម្រោងរបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor) នេះនឹងគ្របដណ្ដប់លើផ្ទៃដី១.០៤០ហិកតា ហើយការសាងសង់នេះគឺធ្វើឡើងដោយមានគោលបំណងទាក់ទាញភ្ញៀវទេសចរ។

យោងតាមគេហទំព័រ Eastern Economic Corridor របស់រដ្ឋាភិបាលបង្ហាញថា ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ Eastern Aviation City នេះក៏នឹងរួមបញ្ចូលតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍ និងអគារថែទាំ និងជួសជុលយន្តហោះផងដែរ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here