ដោយ: គង់ លាងហួរ
បាងកក: លោកស្រី Tipanan Sirichana បានមានប្រសាសន៍ថា ផ្លូវរថភ្លើងល្បឿនលឿន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ អាកាសយានដ្ឋានចំនួន៣ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៩។
ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) និងគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ច EEC បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនឯកជន ដើម្បីសាងសង់ផ្លូវដែកប្រវែង២២០គីឡូម៉ែត្រ និងដំណើរការប្រព័ន្ធនេះ សម្រាប់រយៈពេល៥០ឆ្នាំ។

បន្ទាប់ពីការបញ្ចប់នៃសម្បទាន រយៈពេល៥០ឆ្នាំ អចលនវត្ថុដែលមានតម្លៃប្រហែល៩,១៦ពាន់លានដុល្លារនេះ នឹងត្រូវប្រគល់ទៅឱ្យរដ្ឋកាន់កាប់។
រថភ្លើងនេះ នឹងធ្វើដំណើរក្នុងល្បឿនអតិបរមា២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ផ្លូវដែកទាំងមូលនឹងលាតសន្ធឹងលើខេត្តចំនួន៥ រួមមាន បាងកក សាមុតប្រាកាន ឈុនបុរី រ៉ាយ៉ង និងឆាឈឿងសៅ ដែលមានស្ថានីយសរុបចំនួន៩ ដូចជា ដុនមឿង បាងស៊ឺ ម៉ាក់កាសាន សុវណ្ណភូមិ ឆាឈឿងសៅ ឈុនបុរី ស៊ីរ៉ាចា ប៉ាតាយ៉ា និងអ៊ូតាប៉ាវ។
យោងតាមលោកស្រី Tipanan បានឱ្យដឹងថា ដីសម្រាប់សាងសង់ គម្រោងរវាងអាកាសយានដ្ឋាន សុវណ្ណភូមិ និងអ៊ូតាប៉ាវ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជន នៅក្នុងខែមិថុនា ឆ្នាំ២០២២។
ក្រៅពីការតភ្ជាប់អាកាសយានដ្ឋានទាំង៣ និងបម្រើជា ហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ សម្រាប់ច្រករបៀងសេដ្ឋកិច្ច EEC ផ្លូវរថភ្លើងល្បឿនលឿននេះ ថែមទាំំងអាចទាក់ទាញ លំហូរវិនិយោគបរទេសកាន់តែច្រើន និងបង្កើតការងារនៅក្នុងវិស័យឧស្សាហកម្ម៕






