ដោយៈ សុផារី
ក្រចេះ៖ គិតចាប់តាំងពីចាប់ផ្តើមអាជីវកម្ម ក្នុងខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនចិនមួយ ដែលកំពុងតែរុករកនៅក្នុងខេត្តក្រចេះ បានចំរាញ់បានមាសសុទ្ធចំនួនជាង៦៧គីឡូក្រាមហើយ។
នេះបើយោងតាមការបញ្ជាក់ពីលោក វ៉ា ថន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
លោកបានគូសបញ្ជាក់ថា “អាជីវកម្មរ៉ែមាសនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលបានវិនិយោគដោយក្រុមហ៊ុនចិនមួយ បានចំរាញ់បានមាសចំនួន៦៧,៥៣គីឡូក្រាម បើចាប់ពីចាប់ផ្តើមអាជីវកម្ម នៅក្នុងខែតុលា ឆ្នាំ២០២២មក”។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីជាក្នុងខេត្តក្រចេះមិនអាចរុករកបានរ៉ែមាសច្រើន ដូចក្នុងខេត្តមណ្ឌលគិរីក្តី អាជីវកម្មរុករករ៉ែមាសនេះបានចំរាញ់ចេញជាមាសសុទ្ធលេខ១ ហើយក៏ជាផ្នែកមួយ ដែលនាំជាចំណូលចូលក្នុងថវិកាជាតិកម្ពុជាផងដែរ។
ក្រុមហ៊ុនចិន ស៊ីង យ័ន កាំង យៀក (Xing Yuan Kanng Yeak Co., Ltd) ទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន២៨គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួន នៅស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយពីទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនបានដំឡើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន នៅក្នុងខែតុលា ឆ្នាំ២០២២នេះ៕







