ទីក្រុងអរិយក្សត្រនឹងបន្តទាក់ទាញការអភិវឌ្ឈ ស្របពេលការសាងសង់ស្ពានបង្ហាញពីភាពជាក់លាក់

0

  ដោយៈ ជេស៊ីកា

       កណ្តាលៈ គំរោងសាងសង់ស្ពាន បានកំណត់ពេលវេលាជាក់លាក់ ស្របពេលប្រមុខរដ្ឋាភិបាល ប្រកាសបង្កើតទីក្រុងអរិយក្សត្រ ចំណុះឲ្យទឹកដី ខេត្តកណ្តាល។

ជាមួយនឹងការចុះហត្ថលេខា លើឥណទានពីសាធារណៈរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារ ក្នុងនោះថវិកាមួយចំនួន ត្រូវបានវិភាជន៍​យកមកសាងសង់ស្ពាននេះ។

ជាមួយនឹងដំណឹងគួរឲ្យអបអរសាទរនេះ ប្រជាពលរដ្ឋនៅស្រុកល្វាឯម ខ្សាច់កណ្តាល ខេត្តកណ្តាល បានបង្ហាញក្តីសប្បាយរីករាយជាមួយនឹងស​មិទ្ឋផលជាប្រវត្តិសាស្រ្ត ដែលនឹងលេចត្រដែតនាពេលខាងមុខនេះ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ទៅកាន់តំបន់នេះ នឹងទាក់ទាញការអភិវឌ្ឍ ប៉ុន្តែល្បឿននៃការអភិវឌ្ឍក៏ដូចជាការលក់បុរី លំនៅដ្ឋាន វាអាស្រ័យលើគុណភាព និងកេរ្ត៍ឈ្មោះរបស់គំរោង។

អ្នកស្រីបន្តថា “បើនិយាយពីតម្លៃដីនៅតំបន់នេះ វាបានឡើងថ្លៃរួចទៅហើយ ប៉ុន្តែការឡើងថ្លៃច្រើនឬតិចបន្ថែមទៀត វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច”។

ជាមួយគ្នានេះ លោកធី វណ្ណាប្រធានផ្នែកទីផ្សារ នៃបុរីវីឡាទួលសង្កែអរិយក្សត្របានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ស្ពាននាពេលខាងមុខ ការលក់លំនៅដ្ឋានរបស់យើង បានកើនឡើង ដោយសារប្រជាពលរដ្ឋ ចាប់អារម្មណ៍តំបន់នេះច្រើន តាំងពីមិនទាន់់មានស្ពាន និងការប្រកាសគំរោងនាពេលកន្លងមក។

លោកបន្តថា “ការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ មករស់នៅតំបន់នេះ ដោយសារគុណភាពខ្យល់អាកាស ព្រោះតំបន់នេះមានលក្ខខ័ណ្ឌទីតាំងអំណោយផល មានទន្លេរព័ទ្ឋជុំវិញ និងហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អប្រសើរ”។ លោកបន្តថា “ជាមួយនឹងកំណើនប្រជាពលរដ្ឋមករស់នៅ និងលេងកំសាន្តនៅតំបន់នេះ បានធ្វើឲ្យអ្នកអភិវឌ្ឍបុរីវីឡាទួលសង្កែ កំពុងពន្លឿនការសាងសង់ផ្សារបែបសហគមន៍ដំបូងគេនៅតំបន់នេះ”។

ជាមួយគ្នានេះ លោកឧកញ៉ាស្រី ចាន់ថន ដែលមានដីរាប់រយហិកតានៅតំបន់នេះ បានអភិវឌ្ឍន៍កន្លែងលេងកំសាន្តជាច្រើននៅតំបន់7NG ដែលបច្ចុប្បន្នមានមនុស្សទៅកំសាន្តរាប់ពាន់នាក់ រៀងរាល់ចុងសប្តាហ៍និមួយៗ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង កាលពីរសៀល ថ្ងៃទី៣១ មករាថា ការរីកចម្រើនតំបន់ណាមួយ វាអាស្រ័យលើគោលនយោបាយ និងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ជាក់ស្តែងតំបន់អរិយក្សត្រ ទោះបីជាមានទីតាំងនៅទល់មុខរាជធានីភ្នំពេញក្តី ប៉ុន្តែតំបន់នេះហាក់នៅឆ្ងាយ ព្រោះកង្វះហេដ្ឋារចនាសម្ព័ន្ឋ(ស្ពាន) ប៉ុន្តែនៅពេលរដ្ឋាភិបាលប្រកាសបង្កើតទីក្រុង និងប្រកាសពីពេលវេលាសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខ ចរន្តទិញលក់ដីធ្លី និងការអភិវឌ្ឍកំពុងមានសកម្មភាពកើនឡើង។

លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច ​តែងតែផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយការអភិវឌ្ឍ ពិសេសវិស័យហេដ្ឋារចនាសម្ព័័ន្ឋ បានដើរតួនាទីស្នូលក្នុងការជម្រុញការរីកចម្រើននៅតំបន់ណាមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here