ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ជាមួយនឹងទស្សនវិស័យ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ លោកជំទាវឧកញ៉ាគង់ សំណាងបានបង្ហាញពីភាពសុទិដ្ឋិនិយមលើទីផ្សារទិញលក់បុរីប្រណីតនាឆ្នាំនេះ។
អគ្គនាយិកាបុរីវិមានសំណាងរូបនេះ កំពុងបង្ហាញសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣នេះ ស្របពេលការសាងសង់ផ្ទះគំរូវីឡាឃីង និងវីឡាឃ្វីនបានត្រៀមបញ្ចប់ ជាមួយនឹងលទ្ឋផលការលក់ សម្រេចបាន៤០ភាគរយ នៅក្នុងគំរោងដំណាក់កាលទី១។

លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារយើងបានសិក្សាពីរសនិយមអតិថិជន បុរីវិមានសំ ណាងបានធ្វើឲ្យអ្នកមានជីវភាពធូរធារ មានការកោតសរសើរទៅលើម៉ូតផ្ទះ បែបក្លាសិក ដែលជារចនាបទសហសម័យ ជាមួយនឹងការរចនាផ្នែកខាងក្នុងស័ក្តិសមនឹងតម្លៃ និងកម្រិតជីវភាពរបស់អ្នកមាន។

លោកជំទាវគង់ សំណាងបានបន្តថា “សូម្បីតែខ្ញុំក៏ពេញចិត្តនឹងអ្វី ដែលយើងបានធ្វើ និងកំពុងបង្ហាញនៅផ្ទះគំរូរបស់យើងបណ្តើរៗដែរ ហេតុនេះអតិថិជននឹងអាចទស្សនាផ្ទះគំរូឆាប់ៗនេះ”។ លោកជំទាវបន្តថា “បុរីខ្លះធ្វើផ្ទះគំរូផ្សេង ប៉ុន្តែបុរីរបស់យើងធ្វើផ្ទះពិតមានភាពពិសេស លើសពីផ្ទះគំរូអតិថិជនរបស់យើង ដែលបានទិញ។ លោកបន្តថា “ជាក់ស្តែងអតិថិជនរបស់យើង ពួកគេពិតជាសម្បាយចិត្ត នៅពេលបានដឹងពីអ្វីដែលយើងនឹងផ្តល់ជូនពួកគេ”។

បុរីវិមានសំណាងបាន និងកំពុងគិតគូរជាចម្បងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវធំទូលាយ ដាំដើមឈើខៀវស្រងាត់ និងស្រស់បំព្រង មានព្រែកធម្មជាតិ ដែលលំអរដោយសួនច្បារ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ ស្ទូចត្រី និងអាចអង្គុយជជែកគ្នា នៅតាមហាងកាហ្វេក្នុងបុរីផងដែរ។
លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្វីដែលយើងអភិវឌ្ឈន៍ គឺផ្តល់នូវរសនិយម និងការបត់បែនតាមសម័យកាលរបស់អតិថិជន។ ហេតុនេះយើងមិនផ្តោតលើប្រាក់ចំណេញ ជាអាទិភាពទេ ប៉ុន្តែយើងផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕







