ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី គ្រោងដាក់លក់ប្លុកប្រេង និងឧស្ម័នចំនួន១០ នៅឆ្នាំ២០២៣នេះ រួមទាំងប្លុកមួយនៅសមុទ្រចិនខាងត្បូងផងដែរ ដើម្បីជំរុញផលិតកម្មថាមពល និងរបកគំហើញថ្មីៗ។
នៅឆ្នាំ២០២២ ឥណ្ឌូនេស៊ីបានលក់ដេញថ្លៃប្លុកប្រេង និងឧស្ម័នចំនួន១៣ ហើយបានតែងតាំងអ្នកម៉ៅការសម្រាប់ប្លុកចំនួន៦។
ប្រទេសនេះគ្រោងបង្កើនផលិតផលប្រេង ឲ្យបានចំនួន១លានបារ៉ែល ក្នុងមួយថ្ងៃ និងបង្កើនការផលិតឧស្ម័នចំនួន១២.០០០លានហ្វីតគូប ក្នុងមួយថ្ងៃ (mmscfd) ត្រឹមឆ្នាំ២០៣០ ។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ី បានខកខានគោលដៅបង្កើនផលិតកម្មប្រេង និងឧស្ម័នរបស់ខ្លួន ស្របពេលគម្រោងត្រូវបានពន្យារពេល។

លោក Tutuka Ariadji មន្ត្រីក្រសួងថាមពល បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមតំបន់ប្រេង និងឧស្ម័ន ដែលឥណ្ឌូនេស៊ីគ្រោងនឹងដាក់លក់ក្នុងឆ្នាំនេះ គឺជាតំបន់Natuna D Alpha ដែលជាប្លុកឧស្ម័នខ្នាតយក្សដ៏ធំស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ី បានអនុម័តផែនការអភិវឌ្ឍន៍សម្រាប់តំបន់ឧស្ម័ន Natuna ដែលមានតម្លៃ៣ពាន់លានដុល្លារ នៅសមុទ្រចិនខាងត្បូងនេះផងដែរ។
លោក Tutuka Ariadji ក៏សង្ឃឹមថា “គម្រោងឧស្ម័នធំៗ ដែលកំពុងជាប់គាំង ដូចជាគម្រោង Indonesia Deepwater Development (IDD) និងគម្រោង Masela អាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ”៕







