បណ្ដាវិនិយោគិនចិនពេលនេះ ចាប់ផ្ដើមបង្វែរលុយពីមូលបត្របំណុល ដើម្បីវិនិយោគលើភាគហ៊ុនជំនួសវិញ

0

ដោយៈ សុខុម

សៀងហៃ: របាយការណ៍ចុងក្រោយបង្អស់ស្ដីពី សង្គហមូលនិធិ (Mutual Funds) បង្ហាញថា ពេលនេះបណ្ដាវិនិយោគិនចិន កំពុងបង្វែរលុយពីមូលបត្របំណុល (Bond) ដើម្បីវិនិយោគលើភាគហ៊ុន ដែលមានហានិភ័យជាងវិញម្ដង ខណៈគោលនយោបាយរបស់រដ្ឋាភិបាល បង្វែរទិសដើម្បីជំរុញកំណើន។

រូបិយប័ណ្ណបរទេសក៏បាន និងកំពុងហូរចូលក្នុងផ្សារហ៊ុន ប្រទេសចិន ផងដែរ ដោយសន្ទស្សន៍គោលបានកើនឡើង៧,៤%ក្នុងខែមករា កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ខែកុម្ភៈ។

ការងាកទៅវិនិយោគលើទ្រព្យសកម្ម ដែលមានហានិភ័យជាងនេះ កើតមានឡើងស្របពេលប្រទេសចិន បានចាត់វិធានការនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរួមមានទាំងលុបចោល គោលនយោបាយសូក្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ខ្លួន និងការជួយគាំទ្រ ដល់វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២២ ផងដែរ។

សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសចិន បានកើនឡើងជិត២០%ពីកម្រិតដ៏ទាបក្នុងខែតុលា កន្លងទៅ ខណៈមូលបត្របំណុលធ្លាក់ថ្លៃ។

លោក Mo Zhaoheng នាយកផ្នែកវិនិយោគនៃក្រុមហ៊ុនវិនិយោគ Guangzhou Hanma Investment Management លើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការងើបឡើងវិញ ហើយទីផ្សារភាគហ៊ុន នឹងទទួលផលពីការងើបឡើងនេះ”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា លោកបានទិញចូលភាគហ៊ុនបន្ថែមទៀតក្នុងខែវិច្ឆិកា និងខែធ្នូ កន្លងទៅ នៅពេលវិនិយោគិនជាច្រើនបានបង្វែរលុយរបស់ពួកគេ ចេញពីមូលបត្របំណុល ដោយសារបារម្ភខ្លាចទីផ្សារមូលបត្របំណុលអាចឈានដល់ទីបញ្ចប់។

យោងតាមក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកវិនិយោគ TX Investment Consulting ឱ្យដឹងថា ទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងរបស់សង្គហមូលនិធិ (Mutual Funds) នៃប្រទេសចិន បានកើនឡើង៨,៧%ឈានដល់៣៣៦,៣៨ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ៧,៣%ក្នុងត្រីមាសទី៣ ចំណែកឯទ្រព្យសកម្មដែលស្ថិតក្រោម ការគ្រប់គ្រងរបស់មូលនិធិមូលបត្របំណុល (Bond Funds) បានធ្លាក់ចុះ៦,៩%មកនៅ១,១ទ្រីលានដុល្លារអាមេរិក បន្ទាប់ពីកើនឡើង៦ត្រីមាសជាប់ៗគ្នា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here