ដោយៈ គង់ សូរិយា
ព្រះសីហនុៈ គម្រោងអភិវឌ្ឍផ្លូវបេតុងនៅលើកោះរ៉ុង បច្ចុប្បន្នសម្រេចការស្ថាបនាបានជាង៥០គីឡូម៉ែត្រ ខណៈតាមផែនការក្រុមហ៊ុនRoyal Group នឹងសាងសង់ផ្លូវមានប្រវែងសរុប៧០គីឡូម៉ែត្រ។
ក្រុមហ៊ុនRoyal Group Development Company ដែលទទួលបន្ទុកសាងសង់ផ្លូវបេតុងប្រវែង៧០ គីឡូម៉ែត្រនៅលើកោះរ៉ុងបានបង្ហាញវឌ្ឍនភាព ខណៈបច្ចុប្បន្នការស្ថាបនាសម្រេចបាន ប្រវែងជាង៥០គីឡូ ម៉ែត្រ នៅសល់ជាង២០គីឡូម៉ែត្រនឹងបញ្ចប់តាមផែនការ។
តាមព៌តមានបានបង្ហាញថា ផ្លូវបេតុងដែលក្រុមហ៊ុនចាយទុនជាង ៣៥លានដុល្លារអាមេរិកស្ថាបនានេះ មានទទឹង៨ម៉ែត្រ កម្រាស់២៥០ មិល្លីម៉ែត្រ និងអាចសម្រេចបញ្ចប់តាមផែនការ នៅពេលឆាប់ៗខាងមុខនេះ។
កោះរ៉ុងត្រូវបានរដ្ឋាភិបាល ប្រកាសសម្រេចបង្កើតជាក្រុងថ្មីរបស់ខេត្តព្រះសីហនុ ខណៈកោះដ៏ល្បីនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
គម្រោងអភិវឌ្ឍនៅលើកោះរ៉ុង ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េងកាលពីពេលថ្មីៗនេះ បានប្រកាសគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិលំដាប់4C នៅលើកោះទេសចរណ៍នេះ ដោយគ្រោងបោះទុនប្រមាណ៣០០លានដុល្លារ និងប្រើប្រាស់ពេលសាងសង់ប្រហែល៥ឆ្នាំ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ទទួលបានការជំរុញនិងគាំទ្រពីប្រមុខរដ្ឋាភិបាល។
ក្រៅពីបោះទុនរាប់រយលានដុល្លារអភិវឌ្ឍនៅលើកោះរ៉ុង ក្រុមហ៊ុនRoyal Group Development Company បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតខ្សែកាប្លីក្រោមបាតសមុទ្រមកកាន់កោះរ៉ុង ដែលគ្រោងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយប្រកបដោយស្ថេរភាព នៅក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕